អាជ្ញាធរនឹងបំផ្លាញចោលមធ្យោបាយនៃបទល្មើសព្រៃឈើនៅនឹងកន្លែង

0

ភ្នំពេញ៖នៅថ្ងៃទី៨ ខែកក្កដា នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និង មធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន២ចំណុច ។
វិធានការថ្មីចំនួន២ចំណុចនេះ រួមមាន ៖
ទី១,បុគ្គល ឬ ក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
ទី២, មធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា កន្លងទៅ អាជ្ញាធរបានធ្វើការត្រួតពិនិត្យឃើញថាទោះបីមានការផ្សព្វផ្សាយអប់រំនិងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។
សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ ៕