ភ្នំពេញ៖ ក្រោយពីតួប្រុសវិរៈបុរសក្នុងដួងចិត្តរបស់ ទេព បូព្រឹក្ស ដើរចេញពីហង្សមាស ពេលនេះខាងស្រីក៏បានដើរចេញដូចគ្នា ក្រោយពីផលិតធំ ក្នុងស្រុកមួយនេះ មិនបន្តកុងត្រា ។
រយៈពេលច្រើនខែមកហើយ ដែលជី ដេវីត បានដើរចេញពីហង្សមាសងាកមកផលិតបទផ្ទាល់ខ្លួន និងមានបទខ្លះ កំពុងជ្រកក្នុងក្រុមហ៊ុនទូរស័ព្ទ ក្នុងស្រុកមួយដ៏ធំ ប៉ុន្តែខាងស្រីនៅតែបន្តនៅក្នុងទ្រនំហង្សមាស រហូតមកដល់នេះពេលនេះ ក៏ស្រាប់តែលេចលឺព័ត៌មានដ៏គួរឲ្យទុកចិត្ត យ៉ាងត្រជាក់ ល្ហឹម បានបង្ហើបថា ទេព បូព្រឹក្ស ក៏បានដើរចេញពីហង្សមាស ដោយខាងផលិតកម្ម មិនបន្តកុងត្រាបន្តជូន តារាចម្រៀងរូបនេះនោះទេ។
ប្រភពដ៏គួរឲ្យទុកចិត្តនេះ បានប្រាប់ OBN Asia នាពេលថ្មីៗនេះថា ទេប បូព្រឹក្ស បានដើរទៅតាម ជីដេវីត ជាគូស្នេហ៍ហើយ ដោយចាកចេញពី ផលិតហង្សមាស ខណៈដែលមេធំហង្សមាសសុំមិនបន្តកុងត្រាទៀត ។ ប្រភពថា មិនដឹងថាបញ្ហាអ្វីនោះទេ ដែលខាងផលិតកម្មសុំមិនបន្ត តែគ្រាន់តែ ដឹងថា ទេព បូព្រឹក្ស នៅសល់ ២បទទៀតក្នុងផលិតកម្ម ដោយបានចេញ Audio ជាផ្លូវការហើយ តែមិនបានថត MV នោះទេ។ ប្រភពថា ការចាកចេញរបស់ ទេព បូព្រឹក្ស គឺមានរយៈពេល ជិត១សប្តាហ៍ហើយ។
ទោះបីជាយ៉ាងនេះក្តី យើងមិនទាន់អាចសុំបញ្ជាក់ពីទេព បូព្រឹក្ស នៅព្រឹកនេះបាននៅឡើយ ហើយក៏សូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ សាមីខ្លួន ចេញមុខបកស្រាយ៕