«ក្រុងភ្នំពេញ»៖ តារាសម្តែង និងចម្រៀង កញ្ញា ណាណៃ ត្រូវបានចោរគាស់ផ្ទះនារាត្រីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ អស់ទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារអាម៉េរិក ស្ថិតនៅមុខតុលារការយោធា ។
បើតាមសម្តីកញ្ញា ណាណៃ បានថ្លែងប្រាប់ស្ថាប័ន OBN Asia នៅព្រឹកនេះតាមឆាត ឲ្យដឹងថា ហេតុការណ៍ចោរគាស់ផ្ទះនេះ កើតឡើងនៅវេលាម៉ោង ប្រហែលមួយ អំឡុងពេលដែលកញ្ញា និងអ្នកម្តាយចេញហូបស៊ុបនៅក្បែរផ្ទះប្រហែលកន្លះម៉ោង ក៏កើតរឿងនេះភ្លាមៗ ដោយក្នុងនោះ ចោរគាស់យកកាបូបលុយ គាស់ទូ យកស្រាបៀរអស់ជាង ១០កេស ។
តារាសម្តែងដែលមានទីផ្សារគ្រាន់បើរូបនេះ បានបន្តថា កាបូបដែលបាត់បង់នោះ មានខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិកា ដែលជារបស់នាងស្រលាញ់ និងលុយសុទ្ធចំនួន ១ពាន់ដុល្លារក្រៅទៀត សុទ្ធសឹងជាទ្រព្យដែលសន្សំលេចកើតជើងត្បូង ទាំងវេទនាពីសិល្បៈ ។
ណាណៃ បានបន្តថា សូម្បីតែលុយដែលនាងថ្វាយគ្រូបាធ្យាយ ៥០០ដុល្លារ ក៏ចោរនេះដឹងដែរ ដោយយកទៅបាត់មិនទុកមួយសេនឡើយ ។ កញ្ញាបានបន្តថា ចោរនេះរើកកាយទាំងអស់ មិនឲ្យសល់ត្រង់ណាឡើយ ដោយក្នុងនោះបានយកអាវថ្លៃៗ ដែលនាងស្លៀកថត មិនឲ្យសេសសល់ ក្នុងនោះមានឯកសារជាច្រើនទៀត សៀវភៅធានាគារ និងបញ្ជីរកំណើត ក៏ប្រមូលទៅអស់ដែរ ចោរនេះពិតជាសាហាវរកអ្វីថ្លែងមិនត្រូវទេបងអើយ ។
ណាណៃបានបន្តទាំងទឹកភ្នែកថា ខ្ញុំមិនដឹងថានិយាយអ្វីឲ្យត្រូវទេពេលនេះ ព្រោះថាមើលទៅសាហាវពេកហើយ សូម្បីតែកូនជ្រូកសន្សំលុយ វាបោកនៅមុខផ្ទះ យកលុយទៅបាត់ ដែលធ្វើឲ្យខ្ញុំអស់អ្វីៗពីខ្លួនហើយ ។ ស្រីស្រស់ដែលជ្រកក្នុងផលិតហ្សូនរូបនេះ ក៏បានបន្តថាក្រោយហេតុការណ៍ ក៏មានសមត្ថកិច្ចចុះមកដែរ ប៉ុន្តែគេរងចាំឲ្យព្រឹកឡើង ទៅដាក់ពាក្យបណ្តឹង ។
បញ្ជាក់ជាថ្មីផងដែរថា ហេតុការណ៍នេះកើតឡើងនៅផ្ទះជួលលេខ ៣៤ A ឃុំតាងួន សង្កាត់ពោធិ៍សែនជ័យ ទល់មុខតុលាការយោធា តែម្តង៕














