ស៊ូ ស៊ីរីកា បង្ហាញសារប្លែកខ្ញុំលក់តែសំលេងមិនលក់ខ្លួន ខណៈឈរជើងនៅអាម៉េរិក

0

«ក្រុងភ្នំពេញ» ៖ ខណៈដែលកំពុងក្តោមឱកាស​សម្តែងច្រៀងរាំ នៅលើទឹកដីអាម៉េរិក ដែលជាឱកាសមាស ឱកាសប្រាក់លើកដំបូងក្នុងអាជីពសិល្បៈ​ ក្នុងនាមជា​តារា ចម្រៀងប្រចាំផលិតកម្មថោន ស៊ូ ស៊ីរីកា ស្រាប់តែបង្ហាញសារប្លែកប្រិតកម្មចម្លែក ដោយលើកឡើងថា នាង​លក់តែសំលេង មិនលក់ខ្លួននោះទេ ។​

ទំនង​ជា​មានការខឹងសម្បារទៅលើបុគ្គលរូបណាមួយ ដែលកំពុងយារយីអន្ទង​យកខ្លួនប្រាណ និងការរិះគន់មួយចំនួនទៅលើរូបកញ្ញា ដែលជាហេតុ ទ្រាំមិនបានបញ្ចេញសារធ្វើឲ្យទស្សនិកជនបន្តការចាប់អារម្មណ៍ជាថ្មី ។​

ម្សិលមិញកញ្ញាបានសរសេរនៅលើហ្វេសប៊ុកថា «ក្នុងពេលដែលនាងខ្ញុំជាតារាចម្រៀងម្នាក់ នាងខ្ញុំដឹងរួចហើយថាត្រូវប្រឈមនឹងការរិះគន់អ្វីខ្លះ តែនាងខ្ញុំមានខ្លួនតែមួយមិនអាចតម្រូវចិត្តមនុស្សរាប់ លាននាក់បានទេហើយក៏ដឹងថាមានអ្នកស្អប់និងស្រលាញ់ ។

នាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលស្រលាញ់គាំទ្រនាងខ្ញុំរហូតមក តែក៏សុំនិយាយបន្តិច បងប្អូនមួយចំនួនចូលចិត្តរិះគន់ថាគេមិនស្អាត រឺក៏ចេះចុះ សួរថាមនុស្សណាម្នាក់ដែលមិនចង់កើតមកស្អាត ។ ប៉ុន្តែខ្ញុំពេញចិត្ត នូវអ្វីដែលខ្ញុំមាន ព្រោះតារាចម្រៀងត្រូវការសមត្ថភាពក្នុងការច្រៀងជាចំបង រូបសម្បត្តិបន្ទាប់បន្សំ ព្រោះខ្ញុំលក់សំលេង មិនមែនលក់ខ្លួន ហើយក៏អរគុណ ដល់ព្រហ្មលិខិតដែលបានកំណត់ឲ្យម្តាយខ្ញុំបង្កើតនាងខ្ញុំមក ឲ្យមានមាត់ចេះប្រើក្នុងការនិយាយស្តី និងសំលេង​ដែលអាចច្រៀងបាន តិច​តួច និងចេះប្រើភាសាមនុស្សមិនមែនភាសាសត្វធាតុ ៕