«ក្រុងភ្នំពេញ»៖ រយៈពេល៤ឆ្នាំមកហើយដែល លី ជេនណា តារាស្រីដែលមកពីទឹកដីខេត្តក្រចេះ បានហក់លោតចូលសិល្បៈ ប៉ុន្តែក្នុងរយៈពេលតស៊ូ ដ៏យូរនេះ ទើបតែផ្ទុះកេរ្តិ៍ឈ្មោះក្នុងចុងឆ្នាំ២០១៨ ឈានចូលឆ្នាំ ២០១៩ តែប៉ុណ្ណោះ ដោយទទួលបានការងារជាច្រើនជុំវិញជាអ្នកបង្ហាញម៉ូត ។
តារាសាច់សខ្ចីខ្ពស់ល្អ លី ជេនណា កន្លងទៅបានបង្ហាញវត្តមានជារឿយៗថតឲ្យសម្អាងការ ថតឲ្យទស្សនាវដ្តី ខណៈដែលត្រេមុខ និងសមត្ថកិច្ចសមសួន កំពុងប្រជែងទីផ្សារយ៉ាងកក្រើកនោះ ។
ក្នុងកម្មវិធីដើរម៉ូតឲ្យក្រុមហ៊ុនទេសចរណ៍ នៅសណ្ឋាគារសុខានាល្ងាចម្សិលមិញ លី ជេនណា បានឲ្យដឹងថា បច្ចុប្បន្ននេះ កំពុងរវល់ការងារយ៉ាងច្រើន ដោយមួយសប្តាហ៍រវល់ ៣ ទៅ ៤ថ្ងៃទៅហើយជាមួយការងារសិល្បៈ ហើយក្រៅពីនេះ រវល់ជាមួយការងាររបរខ្លួនឯង ។
លី ជេនណា បានបន្តថា ឆ្នាំថ្មីនេះនាងផ្ទុះការងារយ៉ាងចម្លែក ដោយមានក្រុមហ៊ុនជាច្រើនបានទាក់ទងថត ដែលសុទ្ធជាក្រុមហ៊ុនធំៗ ប៉ុន្តែអ្វីដែល ផ្តោតនៅទីនេះកំពុងយកចិត្តទុកដាក់ទៅលើការងារដើរម៉ូតឲ្យដល់កំពូលសិន ។ តារាស្រីរូបនេះបន្តថា សម្រាប់រឿងស្នេហា នាងមិនទាន់គិតគូរនោះ ក៏ព្រោះតែបំណងធំគឺចង់សម្រេចនូវការដើរម៉ូតឲ្យដល់គោលដៅ ជាមួយមហិច្ឆិតា តាំងពីក្មេងវ័យ ។ ដោយឡែកការងារថតរឿងវិញ កន្លងទៅមានគេ ទាក់ទងដែរ ប៉ុន្តែដោយសារតែខ្លួនមិនសូវមានទំនុកចិត្តក៏ធ្វើការច្រានចោល ។ តែទោះជាយ៉ាងណា កញ្ញាថា នឹងទទួលយកវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះបើសិនជាមានគេទាក់ទងថត ។
គួរបញ្ជាក់ផងដែរថា លី ជេនណា បានប្រឡងជាប់ជាបវរកញ្ញាក្នុងកម្មវិធីមួយ ក្នុងចំណាត់ថ្នាក់លេខ៥ នាពេលថ្មីៗកន្លងទៅ ៕