ភ្នំពេញ៖ ចំថ្ងៃទិវាជាតិទីក្រុងស្អាត នាថ្ងៃនេះតែម្តង ថៅកែឃ្លាំងលក់រថយន្ត S-Auto បាននាំយកនូវសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៥៣៦ នាក់ និងអ្នកគ្រូលោកគ្រូចំនួន ២៥នាក់ ទទួលបាននូវសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន ស្ថិតនៅ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា សម្រាប់លោក ប៊ុន រតនា ហៅសេម និង កញ្ញា លីឈី ត្រូវបានទទួលស្គាល់នៅលើបណ្តាញសង្គមហ្វេស ប៊ុកជាគូស្នេហ៍ចូលចិត្តរើសសំរាម និងស្រលាញ់នូវបរិស្ថាន ។
ជាញឹកញាប់ គូស្នេហ៍ដែលខាងប្រុសជាអ្នកដឹកនាំសម្តែងបទល្បីៗជាច្រើននៅក្នុងផលិតកម្ម ថោនជាពិសេសបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងបច្ចុប្បន្នមានមុខជំនួញជាម្ចាស់ឃ្លាំងលក់រថយន្ត S-Auto និងខាងស្រី ជាតារាសម្តែង និងជាពិធីការិនីក្នុងកម្មវិធី Happy Life Show ក្នុងស្ថានីយ៍ទូរទស្សន៍ថោន តែងតែដឹកនាំគ្នារើសសំរាមមិនថាទីជិតទីឆ្ងាយ ដោយភ្ជាប់ទៅជាមួយគោលដៅកម្សាន្តដែលបានទៅ ។
ជាក់ស្តែងនៅព្រឹកនេះដែរ ភ្ជាប់ដំណើរទៅកាន់ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ ថៅកែឃ្លាំងលក់រថយន្ត S-Auto និង ថៅកែលក់ខោអាវនៅផ្សារថ្មី បាននាំយកសម្ភារៈសិក្សា មានប៊ិច សៀវភៅ ខ្មៅដៃ ជ័រលុបជូនដល់សិស្សចំនួន ៥៣៦ នាក់ បានដឹកនាំសិស្សទាំងអស់ សម្អាតបរិស្ថាន ក្នុងទីធ្លាសាលា ។
លោក សេម ថា «ដូចបានដឹងស្រាប់ហើយពួកខ្ញុំទាំងពីរនាក់ ជាអ្នកដែលចូលចិត្តរើសសំរាម ដើម្បីសំអាតបរិស្ថាន ហើយការដឹកនាំហើយក្មេងៗ ទាំង ៥៣៦ នាក់រើសសំរាមនេះ ក្នុងគោលបំណងឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ព្រោះថាក្មេងៗជាទំពាំងស្នងឬស្ស៊ី និងជាក្រដាសសមួយសន្លឹក អាចនឹងប្រឈមគ្រប់ពេល តែបើយើងបង្ហាញសកម្មភាពគំរូល្អបែបនេះទៅគាត់នឹងដកក្នុងអារម្មណ៍ចេះសម្អាត និងស្រលាញ់បរិស្ថាន ហើយនឹងបន្តសកម្មភាពទៅកាន់មិត្តភក្តិគាត់ផ្សេងៗទៀត» ។ លោកថា ផ្តើមចេញពីយើងម្នាក់ទៅមនុស្សម្នាក់ទៀត នោះបរិស្ថាន ប្រទេសរបស់យើង នឹងស្រស់ស្អាត ឲ្យវាសាកសមទៅនឹងពាក្យមួយឃ្លាថា បរិស្ថានស្អាត សុខភាពល្អ ។
លោក ប៊ុន រតនា និង កញ្ញា លីឈី បានបញ្ជាក់ថា សកម្មភាពរើសសំរាមនេះ ពួកខ្ញុំនឹងបន្តទៅកាន់កន្លែងផ្សេងៗទៀត ដោយមិនផ្អាកដំណើរនោះទេ ឲ្យសាកសមឈ្មោះពូសំរាម និង រាជនីសំរាម ៕
ទស្សនាវីដេអូឃ្លិបសកម្មភាពដឹកនាំសិស្ស ៥៣៦ នាក់រើសសំរាមដូចខាងក្រោមនេះ៖

































