ភ្នំពេញ៖ បទចម្រៀងមួយបទ ក្រោមចំណងជើងថា «នាងសំរាម» ដែលច្រៀងដោយ នាងល្អហួស ត្រូវជាក្មួយលោក គីម សាន និង កញ្ញា ដេននី ក្វាន់ នឹងចេញឆាប់ៗក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នេះ ហើយក៏ជាបទឆ្លុះបញ្ចាំងពីតថភាពសង្គមពិតផងដែរ ។
បទ«នាងសំរាម» ជាបទថ្មី ស្នាដៃកូនខ្មែរ ដោយនិពន្ធទំនុកច្រៀងដោយលោក គីម សាន ហើយក៏ជាបទថ្មីដំបូងរបស់ នាងល្អហួស គ្រោងវាយទីផ្សារ បទចម្រៀងដំបូង ដោយចេញ Audio Lyric ក្នុងខែកុម្ភៈ នេះតែម្តង។
ក្នុងបទសម្ភាសន៍ជាមួយ OBN Asia នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ លោក គីម សាន បានប្រាប់ថា បទនាងសំរាម នេះខ្ញុំបាននិពន្ធវាឡើង 3 ទៅ 4ខែទៅហើយ ដោយឲ្យនាងល្អហួស ត្រូវជាក្មួយស្រីច្រៀងព្រោះឃើញនាងមានដុងសិល្បៈហើយច្រៀងក៏ពិរោះទៀតសោត សម្រាប់ Audio នឹងចេញ ជាផ្លូវការក្នុងខែពីរនេះតែម្តង ។ លោកថា បើសិនជា Audio ចេញហើយ សម្រាប់ MV វិញគ្រោងនឹងថតនៅចុងខែពីរ ក៏ព្រោះតែខ្ញុំ បាទ រវល់នឹងមុខជំនួញផ្ទាល់ខ្លួនពេក ដកឃ្លាមិនទាន់រួច ។
គីមសាន ម្ចាស់បទ ស្នេហ៍ខ្ញុំខុសអ្វី ? និងបទ ចាំអូនកន្លែងចាស់ បានបន្តថា លោកឧស្សាហ៍ចុះតាមខេត្ត ឃើញក្មេងរើសសំរាម ជាច្រើន ក៏នឹកឃើញ ដល់ការសរសេរបទចម្រៀងនេះឡើង ដោយធៀបរវាងសង្គមកូនអ្នកមាន និងសង្គមកូនអ្នកក្រ ថាវាខុសគ្នាយ៉ាងដូចម្តេច ? ហើយសាច់រឿង ក្នុងបទ ចម្រៀងរបស់ខ្ញុំ គឺជាក្មេងស្រីម្នាក់ដែលកំព្រាឪពុកម្តាយ នៅជាមួយជីដូនភ្នែកពិការម្នាក់ ។
គីម សាន ដែលទស្សនិកជនជាច្រើនសរសើរថាស្អាតដូចបុរសស្អាតជាងគេលើលោក Omar បានបន្តថា ការបង្កើតបទនេះឡើងលោកចង់បង្កប់សារ អប់រំមួយកុំឲ្យសង្គមកូនអ្នកមានស្អប់ខ្ពើម កូនអ្នកក្រឬរើសសំរាមធ្វើអី គាត់ក៏ជាមនុស្សដែរ គ្មាននរណាចង់កើតមកក្រនោះទេ គាត់សុខចិត្តរើសសំរាម តែមិនបានហារដៃសុំថវិកាពីអ្នកឡើយ ដូច្នេះកុំស្អប់គាត់ ។
ប្អូនប្រុសកញ្ញា ដេននី ក្វាន់ បានបន្តថា ដោយសារតែខ្លួនឯងគ្មានពេលចូលសិល្បៈ ព្រោះរវល់ការងារជំនួញផ្ទាល់ខ្លួនពេក ក៏បង្កើតបទនេះ ឲ្យ Yaya ឬនាងល្អហួស ច្រៀងតែម្តង ហើយក៏គ្រោងនឹងចូលរួមដឹកនាំសម្តែងជូនក្មួយស្រីតែម្តង ដើម្បីឲ្យផ្ទៃនៃសាច់រឿងទាំងមូលចេញមកចាក់ដោតអារម្មណ៍ ទស្សនិកជន ជាពិសេសពាក់ព័ន្ធនឹងក្មេងសំរាម ៩០ភាគរយ ៕











