មតិតាស៊ីក្លូ ៖ ដើម្បីភាពស្ងប់ស្ងាត់ក្នុងសង្គមសិល្បៈក្រសួងគួរហៅអ្នកសិល្បៈរ៉េបឌីដង​អសីលធម៌ដុសក្អែលចេញ

0

ភ្នំពេញ៖ វាហាក់ដូចជា​បង្ហាញពីភាពកម្សោយ នឹងកាន់តែ​ធ្វើឲ្យសីលធម៌ក្នុងសង្គមសិល្បៈ​ធ្លាក់ចុះ បង្កភាពចលាចល គ្មានថ្ងៃស្វាង នឹងកាន់តែមិនចំណេញ សម្រាប់អ្នកសិល្បៈដទៃទៀត ដែលជាហេតុឈានដល់ដំណាក់កាល​«ត្រីមួយកន្ទ្រកស្អុយមួយស្អុយទាំងអស់» ។ នេះជាការយល់ឃើញរបស់តាស៊ីក្លូ ។​

តាស៊ីក្លូ បន្តយល់ឃើញថា វាគ្មានប្រយោជន៍អ្វីសម្រាប់​សង្គមសិល្បៈនោះទេ បើសិនជាពួកគាត់ទាំងអស់នោះដែលអួតក្តែង​ៗថាមានសមត្ថភាព រ៉េប និងធ្វើបទភ្លេង មួយថ្ងៃពីរថ្ងៃហើយ បែរទៅជា​បញ្ចោរដៀលគ្នាផ្អើលអស់សង្គមសិល្បៈ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បង្ហាញតាមចម្រៀងរ៉េបរបស់ខ្លួន ហើយវាកាន់តែ​ធ្វើឲ្យប្រទេសជិតខាងមាក់ងាយ ។​ ម្យ៉ាងទៀត វាកាន់តែធ្វើឲ្យ មហាជន វាយតម្លៃបានថា ក្រៅពីជេរដៀមដាមគ្នា តើអ្នកសិល្បៈទាំងនោះធ្វើអ្វីកើត ?​

គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ដែលកើតមកលើផែនដីនេះ ប៉ុន្តែគួរតែដកមួយជំហានម្នាក់ថយក្រោយ ជាត្រើយសុខ ចាញ់ជាព្រះឈ្នះជាមារ កុំដើម្បីតែខ្លួនឯងឈ្នះ នឹងសត្រូវរបស់ខ្លួន តែខុសជា​មួយមហាជនពេញនគរ នោះវាមិនមែនជារឿងល្អនោះទេ សម្រាប់អ្នកសិល្បៈ ។
បើសិនជា ជាបញ្ហារ៉េបដៀមដាមនេះ បន្តកើតឡើងមិនលុះថ្ងៃយ៉ាងនេះ ច្បាស់ណាស់សីលធម៌ក្នុងសង្គម និង សង្គមសិល្បៈធ្លាក់ចុះ គ្មានថ្ងៃស្វាង ហើយកុំភ្លេច​ថា ខ្លួនជាអ្នកសិល្បៈ​ជា​អ្នកផ្សព្វផ្សាយយ៉ាងឆាប់រហ័ស នូវ​វប្បធម៌ សីលធម៌ និងកិច្ចការមួយចំនួនទៀត ជូនជាតិ ។​
ដៀមដាម បែបនេះ ចៅៗ ប្អូនៗ ដែលជំនាន់ក្រោយអ្នកសិល្បៈ អាចនឹងមានទំនោល ទៅលើរៀមច្បង អួត​ខែងរែង ថា​លើផែនដី មានតែឯង ។​
គួរតែនាំគ្នា​ ងាកមកធ្វើបទចម្រៀង រួមគ្នាណាមួយ ឲ្យផ្អើលទៅដល់សង្គមសិល្បៈអន្តរជាតិ វាប្រសើរជាងយកពេលធ្វើបទ ច្រៀងរ៉េបឌីដង ជេរបញ្ចោរគ្នា។

ដើម្បីកុំឲ្យបន្ត នឹង​ឈានដល់សញ្ញា« ត្រីមួយកន្ទ្រកស្អុយមួយស្អុយទាំងអស់ » ឬ« អ្នកសិល្បៈ៤ទៅ៥នាក់ ស្អុយ នាំឲ្យស្អុយដល់សង្គមសិល្បៈទាំងមូល » តាស៊ីក្លូ សុំទទូច ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានលោកជំទាវ ភឿង សក្កុណា ដែលជាម៉ែ​ សិល្បៈ គួរតែមានវិធានការក្តៅសម្រាប់អ្នកសិល្បៈអសីលធម៌ទាំងនោះ ជាបន្ទាន់ ដើម្បីសីលធម៌សង្គមជាតិទាំងមូល ៕