ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញចំនួន ៨.៧៩១,៤០ប៊ីលានរៀល ប្រហែល ២.១៩៧,៨៥លានដុល្លារ ស្មើនឹង ១១៤,២៧% នៃផែនការប្រចាំឆ្នាំ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី២៩ មករា បានឲ្យដឹងថា “សរុបរយៈពេល ១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូកលបានមានចំនួន ៨.៧៩១,៤០ប៊ីលានរៀល ប្រហែល ២.១៩៧,៨៥លានដុល្លារ ស្មើនឹង ១១៤,២៧% នៃផែនការប្រចាំឆ្នាំ ដែលក្នុងនោះទំហំចំណូល លើសផែនការមានចំនួន ១.០៩៧,៩០ប៊ីលានរៀល ប្រហែល ២៧៤,៤៧លានដុល្លារ ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល ១២ខែ កើនឡើងចំនួន ១.០៣៦,៥៩ប៊ីលានរៀល ប្រហែល២៥៩,១៥លានដុល្លារ ស្មើនឹង ១៣,៣៧%” ៕