ភ្នំពេញ៖ តារាសម្តែង គីម ស៊ីវឡាម បានអះអាងប្រាប់ OBN Asia នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះថា ខ្ញុំពិតជាក្រពុលមុខ ជាមួយអ្នករត់ Pass App ម្នាក់នោះ នៅពេលដែលចោរឆក់កាបូបខ្ញុំហើយ ខ្ញុំឲ្យជិះតាមតែគាត់មិនតាម ហាក់ដូចជា គ្នាគាត់មិនដឹង ហើយប្រជាជនដែលនៅកន្លែង កើតហេតុទៀត ពេលដែលចោរឆក់ខ្ញុំស្រែកចោរៗ អត់មានជួយគ្នាសោះ ។

បើតាមសម្តី គីម ស៊ីវឡាម ប្រាប់មកអង្គភាព OBN Asia ថា ហេតុការណ៍ចោរឆក់នេះបានកើតឡើង អំឡុងពេលម៉ោង ១០ ព្រឹកមិញនេះ ស្ថិតនៅក្បែរគល់ស្ពានអាកាស កាច់ចូលទៅកាន់ម្តុំអាស៊ីអាគ្នេយ៍ ដោយក្នុងកាបូបដែលចោរឆក់នោះ មានទូរស័ព្ទ 6Plus មួយគ្រឿង លុយ ២ទៅ៣០០ដុល្លារ និងកាតធនាគារ ABA មួយ ។
តារាសម្តែងសាច់សខ្ចីរូបនេះបានបន្តថា របស់នោះវាមិនច្រើននោះទេ ប៉ុន្តែអ្វីដែលស្តាយ នោះគឺចិត្ត ដោយ Pass App នោះមិនព្រមជិះតាមនោះទេ ដោយកាច់ចង្កួតចេញ នឹងប្រាប់ថាចោរទៅបាត់ហើយ ហាក់ដូចជា គ្នាគាត់អ៊ីចឹង ។

តារាស្រីរូបនេះបន្តថា វាស្រដៀងគ្នានេះដែរ ពួកម៉ាកខ្ញុំក៏ត្រូវចោរឆក់ដូចគ្នា ពេលជិះ Pass App ដោយពេលចោរឆក់ សុំឲ្យជិះតាម បែរជាកាច់ ចង្កូត ទៅផ្លូវផ្សេងៗ ហាក់ដូចជាបណ្តោយឲ្យចោរជិះឲ្យផុតពីហេតុការណ៍ ។
តួស្រីក្នុងបទ នរណាកែចិត្តបងរូបនេះ បានបន្តថា ពេលនេះកញ្ញាបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ទៅកាន់អាជ្ញាធរដែនដី កាន់កាប់ ក្នុងហេតុការណ៍ ដែលបានកើតឡើង៕
