យាង វណ្ឌី វែកញែក​សម្តីលោកថៃ នរៈសត្យា នឹងផ្តាំ​ឲ្យទស្សនិកជនឲ្យយល់ដល់គិតមុនរិះគន់

0

ភ្នំពេញ៖ យុវជន យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលគេស្គាល់ថា​ជាយុវជនមួយរូបធ្វើការពាក់ព័ន្ធនឹងវិស័យសិល្បៈ នៅព្រឹកថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ បានបញ្ចេញមតិយោបល់សុំធ្វើការវែកញែកទៅលើសម្តីលោក ថៃ នរៈសត្យា នឹងសុំផ្តាំទៅដល់ទស្សនិកជនមួយចំនួន ត្រូវ​ធ្វើការសិក្សា ស្វែងយល់​ឲ្យយល់ដល់គិត មុននឹងបញ្ចេញទស្សនៈណាមួយ។​

យាង វណ្ឌី បានផ្តល់បទសម្ភាសន៍ជាមួយ OBN Asia នាព្រឹកមិញ ដោយធ្វើការវែកញែកថា ទស្សនៈបុគ្គលរបស់ខ្ញុំ ដោយខ្ញុំបានស្តាប់ទៅលើប្រសាសន៍លោកពូ ថៃ នរៈសត្យា ហើយ ដោយគោលគំនិតគាត់ចង់ថារឿងនេះតូច ដោយសារតែភាគី​ខាង​បង្កជម្លោះនោះ មិនបានចេញមុខសុំទោស ដែលធ្វើឲ្យជនរងគ្រោះដូច​កញ្ញា ទេព បូព្រឹក្ស គាត់មិនសុខចិត្ត ហើយរឿងហ្នឹងគឺគាត់ចង់បានន័យថាអ៊ីចឹង ។​ បើសិនជា ភាគី​បង្កជម្លោះព្រមទទួលកំហុស វាចប់តាំងពីយប់ថ្ងៃកើតហេតុមកម្លេះ​។​

យុវជនរូបនេះបានបន្តថា បើតាមប្រសាសន៍លោកពូ ថៃ នរៈសត្យា ក៏បានពន្យល់ដែរថាដោយសារតែមនុស្សខ្លះនាពេលបច្ចុប្បន្ន បានធ្វើឲ្យតម្លៃសីលធម៌ខ្លួនធ្លាក់ចុះ ក៏ព្រោះតែទឹកលុយ មានអំណាច មានខ្នងមានខ្សែអ៊ីចឹងទៅ ដោយគ្រាន់តែសិល្បៈករ​មួយរូប គាត់មិនចង់សុំទោស ក៏បាន។ នេះជា​ការយល់ឃើញរបស់ខ្ញុំ ទៅលើសម្តីលោក ពូ ថៃ នរៈសត្យា​ ដោយលោកចង់មានន័យថា​អ៊ីចឹង។​ ម្យ៉ាងទៀត បើសិនជាជនងបង្កចេញមុខសុំទោស នោះរឿងវាមិនដល់ថ្ងៃហ្នឹងនោះទេ​ ចប់សព្វគ្រប់បាត់ទៅហើយ​។​

យាង វណ្ឌី ថា«ក្នុងប្រសាសន៍លោកពូ ឯកឧត្តមថៃ នរៈសត្យា គាត់ចង់ផ្តល់ដំបូន្មាន​ច្រើនឲ្យយើងទាំងអស់គ្នាធ្វើអ្វីក៏ដោយត្រូវ​គិត រឿងខ្លះវាមិនធំនោះទេ បើសិនជាយើងធ្វើខុសហើយចេះ​ទទួលស្គាល់កំហុស​ខ្លួនឯងវាល្អសម្រាប់យើង​ទាំងសងខាង​ បើសិនជាយើងធ្វើខុសហើយ មិនទទួលកំហុស ថ្ងៃក្រោយទៅយើងនឹងមានវិប្បដិសារី» ។ វណ្ឌី បានបន្តថា អ្វីដែលឯកឧត្តមថៃ នរៈសត្យា និយាយគឺលោកចង់សម្តីទៅលើ ករណី ដែលបានកើតភ្លាមៗនោះជារឿងតូច ហើយទេព បូព្រឹក្ស ខ្លួនឯងក៏បានលើកឡើងថា បើសិនចេញមុខសុំទោស​គាត់ ចប់បាត់ហើយ តែអ្នកបង្កហេតុ គាត់រឹង គាត់អាងថាជាកូនអ្នកមាន ជាកូនម្ចាស់ហាង ដែលធ្វើឲ្យរឿងនេះកាន់តែធំឡើង​។

ប្រធានក្រុមព្រះសុរិយា ខាងលើបានបន្តទៀតថា រឿងនេះបណ្តឹងបានឈានចូលដល់ប៉ុស្តិ៍ប៉ូលិសបឹងកក់ទី​១ រួចហើយ ហើយសម្រាប់អ្នកសរសេរ ឬបញ្ចេញយោបល់អ្វីមួយគួរគិតឲ្យគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តសរសេរ សម្រាប់យើងដែលមិនដឹងរឿងពិតយើងកុំព្យាយាមបំផុស ត្រូវ​ព្យាយាមស្តាប់ឲ្យច្បាស់ថាតើអ្នកដែលនិយាយនោះគាត់ចង់និយាយពីអ្វី ត្រូវស្តាប់ហើយយកមកគិត ថាគាត់និយាយហ្នឹងត្រូវអត់ គាត់និយាយហ្នឹង បន្ថោកទៅលើជនរងគ្រោះឬយ៉ាងណា ?​

យុវជនខាងលើបានបន្ថែមថា រឿងនេះយើងមិនដឹងច្បាស់ក្រៅពីសាមីខ្លួននោះទេ ហើយយើងមិនបានដឹងពីស្ថានភាពទឹកក្តៅ ទឹកត្រជាក់ក្នុងគ្រួសារគេនោះទេ គេថាចង្កៀងផ្ទះនរណាបំភ្លឺផ្ទះអ្នកនោះ ។ ក្នុងនាម​ជាទស្សនិកជន​គួរ​រក្សាភាពស្ងៀមស្ងាត់បន្តិច ដើម្បីឲ្យសមត្ថកិច្ច ដោះស្រាយទៅលើរឿងដែលបានកើតឡើង ដោយរងចាំ​ចម្លើយផ្លូវការពីក្រុមសមត្ថកិច្ចជំនាញកំពុងដោះស្រាយ ។ អ្វីដែលយើងគួរគិតនៅពេលនេះគឺ យើងគួរតែអំណរសាទរ​សម្រាប់ឆ្នាំថ្មី ឆ្លងឆ្នាំខាងមុខ ជាមួយអ្វីៗ​ដែលកម្ពុជាកំពុងមាន ជាពិសេសកម្មវិធី វិមានឈ្នះៗ​ខាងមុខ​ ៕