លោក ថៃ នរៈសត្យា ថា«ករណី​គប់កំប៉ុងស្រាបៀរលើ​ទេព បូព្រឹក្ស ជា​អង្គរឿងតូច»

0

ភ្នំពេញ​៖ លោក ថៃ នរៈសត្យា បានធ្វើការលើកឡើងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ OBN Asia នាព្រឹកនេះ ថា ករណីគប់កំប៉ុង​ស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស ជាអង្គរឿងតូច​មួយ តែការបំប៉ោងទៅជាប៉ុណ្ណាក៏បានដែរ បើសិនមានចេតនាបំប៉ោង ការផ្លុំឡើងឲ្យឆេះសន្ធោសន្ធៅវា​ជាការងាយទេ តែប្រយ័ត្ន​ពិបាកពន្លត់ គួររំងាប់វា​ជៀសជាងពង្រីកវា​។​

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មិនមែនតែលើសិល្បករ ឬសិល្បការិនី បានយើង​ឈឺឆ្អាលទេ តែបើប៉ះពាល់ដល់សិល្បករសិល្បការិនី​ដែលគ្នាជាសាធារណៈបុគ្គលនោះ ដែលធ្វើឲ្យអ្នកប្រព្រឹត្តិនោះមិនជាល្អមុខមាត់ប៉ុន្មានដែរទេ វាបង្ហាញពីការស្រុតចុះនៃសីលធម៌របស់បុគ្គល និងការចូលរួមស្រុតចុះមួយផ្នែកតូច​ណាមួយនៃសង្គមដែរ ។ ប៉ុន្តែយើងមិនអាចយក​អំពើអាក្រក់មនុស្សម្នាក់ហ្នឹង ទៅលាបភាពស្អាតស្អំរបស់សង្គមបានទេ ខ្ញុំគិតថាវាឥរិយាបទមួយដែលគួរ​ជៀសវាង ហើយអ្នកដទៃមិនគួរ​យកតម្រាប់តាមនោះទេ ក្នុងករណីមានកំហឹងយ៉ាងម៉េចក៏ដោយ យើងត្រូវទប់ចិត្តយើងមួយនាទី ដើម្បីកុំឲ្យមានរឿងអាស្រូវ រាប់រយពាន់នាទី រាប់រយពាន់ម៉ោង ឬរាប់ឆ្នាំទៅមុខទៀត ដែលជាករណីគេមិនអាចបំភ្លេចបានករណីហ្នឹង​។​

លោកបានធ្វើការសំណូមពរថា នរណាក៏ដោយ បងប្អូនជនរួមជាតិយើងទាំងអស់គ្នា មិនថា​តែសិល្បករសិល្បការិនី ការមិនចេះអត់ឱនរឿងតូចតាច ជ័យជម្នះធំយើងមិនអាច​ទទួលបានទេ ។ លោកបានសង្កត់ធ្ងន់ថា «រឿងគប់កំប៉ុងប៊ីយ៊ែរនេះ វាមិនមែនជារឿងធំទេ វាជារឿងតូច» ប៉ុន្តែវាបង្កើតឲ្យ ទៅជារឿងអាស្រូវដ៏ធំ ហើយរឿងខឹងដល់គប់កំប៉ុងប៊ីយ៊ែរនេះ វាមិនមែនជារឿងធំដែរ វាជារឿងតូច ជួនគាប់ផ្សំជាមួយបរិយាកាស ការស្រវឹង ជួនកាល ជាអីដែលយើងហៅថាកន្លែងសប្បាយ វាអត់ដែលផឹក​ទឹកអប់ទេ វាមានស្រា វាមានប៊ីយែរ ដែលពាក្យសាមញ្ញាយើង តែនិយាយថា ទឹកប្តូរនិស្ស័យ កុំឲ្យទឹកមកប្តូរនិស្ស័យទឹកបាន ព្រោះយើងជាម្ចាស់ខ្លួនយើង​ ចិត្តជាចៅហ្វាយ កាយជាកញ្ជាស់ ។

លោក ថៃ នរសត្យា បានលើកឡើងបន្តថា «ខ្ញុំមិនចង់ឲ្យ រឿងរ៉ាវទាំងអស់វាវែងទេ ព្រោះខ្ញុំមើលទៅឃើញអង្គរឿងវាតូច តែការបំប៉ោងទៅជាប៉ុណ្ណក៏បានដែរបើយើងមានចេតនាបំប៉ោង តែបើយើងចេះជួយរំលត់គ្នា ជួនកាលមនុស្សក៏មានវិប្បដិសារីដែរ ក្រោយពីធ្វើអ្វីមួយ ខុសឆ្គង ចឹងខ្ញុំឲ្យពាក្យមួយសម្រាប់ទាំងអស់គ្នាគិត ស៊ូស្តាយមិនបានធ្វើ ប្រសើរជាងស្តាយណាស់ បែរជាធ្វើជ្រុសជ្រួលខុសឆ្គង» ។​
ការបន្ថែមថា «ការនាំគ្នាផ្លុំឲ្យឆេះ សន្ធោសន្ធៅឡើង វាងាយទេ ប៉ុន្តែប្រយ័ត្នពិបាកពន្លត់ ខ្ញុំគិតថា​វាតូចមួយជា​អារម្មណ៍ខ្ញុំ ប៉ុន្តែវាអាចមានគេថាឲ្យខ្ញុំ ស្តីឲ្យខ្ញុំថា រឿងធំប៉ុណ្ណាប៉ុណ្ណី ខ្លួនឯងមេម៉ែឪ បែរថាតូចក៏មានដែរ ព្រោះយើងមិនអាចទប់ខម្មិន រឿងបញ្ចេញមតិនរណាមួយបានទេ » ៕
ស្តាប់បទសម្ភាសន៍ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=Jy5HvpuMVzY&feature=youtu.be