តាមរយៈសារព័ត៌មានសិល្បៈអាមេរិក បានរាយការណ៍មកមុននេះថា លោក Samantha Blanche ជាមេធាវីរបស់កំពូលតារាសម្ដែងបបូរមាត់ស្រស់ Angelina Jolie បានប្រកាសឱ្យដឹងថា កិច្ចព្រមព្រៀងក្នុងរឿងចិញ្ចឹមបុត្រត្រូវបានចេញសេចក្ដីសម្រេចយ៉ាងផ្លូវការនៅក្នុងអំឡុង 2 សប្ដាហ៍នេះ ទាំងភាគីលោក Pit និងអ្នកស្រី Angelina Jolie បានយល់ព្រមទាំង សម្របសម្រួលគ្នា មិនទាមទារ និងដាក់ពាក្យបណ្ដឹងសុំសិទ្ធចិញ្ចឹមកូនទាំង 6 ផ្ដាច់មុខឡើយ។
នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ ខាងមេធាវីរបស់អ្នកស្រី Jolie បានអះអាងថា លោក Pit ជាអតីតស្វាមី បានចូលមកតុលាកាសម្របសម្រួល សុំឱ្យលោកស្រីដកពាក្យបណ្ដឹង និងរួបរួមគ្នាថែរក្សាផ្ដល់ក្តីស្រឡាញ់ដល់កូនទាំង 6 ។ ខណៈនេះ លោកស្រីបានឆ្លើយតបតាមការសំណូមពររបស់អត់ស្វាមី ដោយការដកពាក្យបណ្ដឹងវិញ និងសម្រេចថា មិនប្ដឹងបន្ដទៀតទេ។
សូមរំលឹកដែរថា អតីតគូស្នេហានេះ បានលែងលះគ្នាអស់រយៈពេល 2 ឆ្នាំមកហើយ បន្ទាប់ពីបានសាងគ្រួសារនឹងគ្នាក្នុងរយៈពេល 11 ឆ្នាំ ដែលមានបុត្របង្កើតចំនួន 3 នាក់ និងបុត្រចិញ្ចឹម 3 នាក់ ហើយខណៈនេះអ្នកស្រី Angelina Jolie កំពុងមានបំណងចិញ្ចឹមកូនទី 7 និង8 បន្ថែមទៀត តែត្រូវជាប់រឿងក្ដីចិញ្ចឹមកូនមិនទាន់បញ្ចប់៕