មុននេះបន្ដិចសារព័ត៌មានថៃ Teenee បានចេញផ្សាយថា កំពូលតារាសម្ដែងសង្ហាជាងគេក្នុងប្រទេសថៃ លោក អៈណាន់ដា អេវើរីងហេម ត្រូវបានអ្នកព័ត៌មានទម្លាយរឿងអាស្រូវថា លោកបានធ្វើឲ្យក្មេងស្រីម្នាក់មានទម្ងន់ ដោយមិនទទួលខុសត្រូវអំពីកូននៅក្នុងផ្ទៃ ហើយប្រញាប់ទៅរៀបចំរឿងរៀបអាពាហ៍ពិពាហ៍ឆាប់ៗ បែបលាក់លៀមនៅក្រៅប្រទេសនិងមិនឱ្យនរណាម្នាក់ដឹងឡើយ។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងរបស់លោក អៈណាន់ដា អេវើរីងហេម បានចេញផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃថា ករណីដែលបានចោទថា លោក អៈណាន់ដា ធ្វើឱ្យក្មេងស្រីមានផ្ទៃពោះ និងមិនទទួលខុសត្រូវនោះ ត្រូវរកប្រភពឱ្យច្បាស់សិនថា ក្មេងស្រីនោះជានរណា បន្ទាប់មកត្រូវបញ្ជាក់ពីខាងក្មេងស្រីនោះមកវិញថា រឿងកើតឡើងដោយរបៀបណា។
អ្នកគ្រប់គ្រងតារាធំៗដដែលនេះ បានបញ្ជាក់ទៀតថា ព័ត៌មាននេះពិតជាមានបំណងបំផ្លាញប្រជាប្រិយភាពតារាឯកប្រុសមួយនេះ បើពិតជាមានរឿងកើតឡើងបែបនោះមែន លោកសូមឱ្យបញ្ចេញអត្តសញ្ញាណរបស់ក្មេងស្រីមួយនោះ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់បំភ្លឺពីសំណាក់តារាសម្ដែងឯកប្រុសរូបនេះ និងក្រុមគ្រួសារនៅឡើយទេ។
អ្នកគ្រប់គ្រងតួប្រុសរូបនេះ បញ្ជាក់បន្ថែមថា មនុស្សយើងផ្លាស់ប្ដូរអ្វីបានគ្រប់យ៉ាង ពីមុនមកធ្លាប់មានសង្សារជាច្រើននាក់ ក៏ចែកផ្លូវគ្នាវិញ ក៏ប៉ុន្ដចុងក្រោយក៏ត្រូវតែរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។ ហើយប្រមាណជា 3-4 ខែមុន អៈណាន់ដា ធ្លាប់ប្រាប់បងថា រឿងរៀបការគឺត្រូវតែមានហើយបង៕