តាមរយៈសារព័ត៌មាន Tvpool ចេញផ្សាយនៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យដឹងថា កំពូលបុរសរូងភ្នំដែលរកចំណូលបានក្នុងមួយថ្ងៃរាប់សែនបាត The Cave Man 2018 ត្រូវបានជនអណាមិកមានបំណងអាក្រក់បំផ្លាញហ្វេសប៊ុកផេករបស់លោក ដែលធ្វើឱ្យលោកក្ដៅស្លឹកត្រចៀកទប់កំហឹងមិនបាន បង្ហោះសារនៅលើអ៊ិនស្ដាក្រាមតែម្ដង។
បុរសនិយមរសជាតិជីវិតបែបប្លែកៗរូបនេះបានបង្ហោះសារថា « គ្រប់គ្នាអាចប្រើជីវិតតាមចំណូលចិត្ត និងក្ដីស្រម៉ៃបានដោយខ្លួនឯង មានរឿងមួយដែលមិនអាចដកចេញពីជីវិតអ្នកបានគឺ ភាពភ័យខ្លាច យូរៗទៅមនុស្សគ្រប់គ្នាបានបណ្ដោយភាពភ័យខ្លាចចូលក្នុងជីវិត ហើយវាបំផ្លាញក្ដីស្រម៉ៃយើង។ មនុស្សហេតុអ្វីគិតពីគំនិតសួនតួ បំផ្លាញជីវិតអ្នកដទៃបែបនេះ » ។
សូមជម្រាបបញ្ជាក់ថា កំពូលបុរសរូងភ្នំនេះ ឬហៅថា The Cave Man 2018 គឺជាវិចិត្រករឆ្នើមមួយរូប ដែលនិយមប្រើប្រាស់ជីវិតនៅក្នុងរូងភ្នំដូចជាមនុស្សព្រៃ ដែលសកម្មភាពប្លែកៗរបស់លោក ត្រូវបានមហាជនចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយលោកក៏បានរកចំណូលពីការបង្ហោះវីដេអូឡាយពីជីវិតបែបមនុស្សព្រៃ និងការលក់គំនូរប្លែកនៅលើហ្វេសប៊ុក ដែលបានចំណូលរាប់សែនបាតក្នុងមួយថ្ងៃផងដែរ។ បុរសវ័យ 48 ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកបានប្រើប្រាស់ជីវិតជាមួយធម្មជាតិបែបនេះអស់រយៈពេល 3 ឆ្នាំមកហើយ ទាំងគ្រប់គ្នាសើចចម្អកលោកថា ជាមនុស្សស្មារតីមិនគ្រប់ ៕








