រូបត្លុករបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមយល់ថា ថៃចាត់ទុកល្ខោនខោលខ្មែរជាសភាវ:អាក្រក់ 

0

បន្ទាប់ពីហ្វេសប៊ុករបស់លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានបង្ហោះរូបភាពថ្លុកមួយសន្លឹក ដែលគេមើលឃើញថា ជារូបភាពរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ដែលស្ដែងឱ្យឃើញពីការចងសម្ព័ន្ធភាពរវាងល្ខោនខោលខ្មែរ និងថៃ តាមរយៈការថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅក្នុងអង្គការយូណេស្កូនោះ ភ្លាមៗស្រាប់តែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួនបានលើកឡើងថា ថៃចាត់ទុកល្ខោនខោលខ្មែរជាតួអង្គអសុរា ដែលនៅក្នុងអក្សរសិល្ប៍ខ្មែរ តំណាងឱ្យសភាវអាក្រក់ ។

បើតាមការបញ្ចេញមតិរបស់គណនីមានឈ្មោះ លីន ច័ន្ទកក្កដា បានធ្វើការខម្មិន្ដថា « ក្នុងរូបត្លុកនេះ យើងជាតួយក្សតំណាងអោយសភាវអាក្រក់(តាមអត្ថន័យអក្សរសិល្ប៍) ឯគេជាតួហនុមានតំណាងអោយសភាវល្អ និងជាអ្នកជួយសង្រ្គោះទៅវិញ»។ ហើយក៏មានគណនីមួយទៀតបានលើកឡើងដែរថា «  លីន ច័ន្ទកក្កដា និយាយត្រូវ ក្នុងតម្រា «យក្ស» តំណាងឲ្យសភាវអាក្រក់ អស់លោកដែលមិនដែលខិតខំរៀនសូត្រ ឬមិនដែលបានសិក្សាអំពីរឿងអស់ហ្នឹងគឺពិតជាមិនដឹងខ្យល់ហើយដៀលថាឲ្យគេដែលវិភាគត្រឹមត្រូវទៅវិញ!!! ពិតជាគួរឲ្យអាណិតណាស់ ។ចប់ »។

គួរបញ្ជាក់ថា ការបកស្រាយបែបនេះ គួរឱ្យពិចារណាបានខ្លះផងដែរ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមតិភាគច្រើនយល់ឃើញថា រូបថ្លុកនេះបង្ហាញពីវប្បធម៌នៃប្រទេសទាំងពីរគឺត្រឹមត្រូវ ព្រោះបានបង្ហាញពីការបង្រួបបង្រួលការអភិរក្ស និងសាមគ្គីភាព។ ចុះមិត្តអ្នកអានយល់យ៉ាងណាវិញ ?៕