ម៉ារ៉ា ប៊ុណ្ណា មិនលើកដៃសុំ​ទោះបីជារកម៉ូតូ​កញ្ចាស់មួយជិះគ្មាន

0

ភ្នំពេញ៖ ទោះបីស្ថានភាពបច្ចុប្បន្នម៉ារ៉ា ប៊ុណ្ណា រកអ្វីជិះគ្មាន ដោយទៅណាមកណាត្រឹមតែជិះកង់បី ម៉ូតូឌុប និងមានមិត្តភក្តិជួយយកអាសារ ដឹកទៅគោលដៅដែលត្រូវទៅក៏មែនពិត ក៏តារាសម្តែង និងចម្រៀងរូបនេះ​បានប្រកាសថា មិនលើកដៃសុំគេនោះដែរ តែអ្វីដែលត្រូវ​លើកដៃសុំនោះ គឺសុំការងារធ្វើ តែមិនត្រូវការជំនួយឡើយ ។​

ថ្លែងប្រាប់ Obnasia នាថ្ងៃម្សិលមិញលោក ម៉ារ៉ា ប៊ុណ្ណា បានបញ្ជាក់ប្រាប់ថា ក្រោយបាត់បង់អាទីកូ ដែលជារថយន្តកញ្ចាស់ ទ្រព្យសម្បត្តិចុង ក្រោយនោះ លោកគ្មានអ្វីជិះនោះទេ ដោយរថយន្តនោះបានក្រឡាប់ក្រោយអំឡុងមកពីបំពេញការងារបក្សពីខេត្តកំពង់ចាម និងចុងក្រោយត្រូវលក់ថ្លឹងគីឡូឲ្យអេបចាយ ។

លោកថា ឆ្នាំនេះរាសីលោកដាក់ សូម្បីតែអ្នកដឹកនាំ រត់កង់បី ត្រូវជាប្អូនធម៌ស្លាប់ទៀត ឥលូវលែងមានអ្នកដឹកទៅណាទៅណីដូចមុនហើយ ។ បើតាម​ហោរាទស្សទាយថា រាសីខ្ញុំឆ្នាំនេះ ឡើងត្រដែត ប៉ុន្តែ​ផ្ទុយទៅវិញ សឹងតែរកបាយហូបគ្មានផង អ្វីដែលសំខាន់ជាងនេះទៅទៀត គឺសូម្បីតែម៉ូតូកញ្ចាស់មួយជិះក៏គ្មានដែរ ។
ម្ចាស់បទ «ដីថ្លៃប្រល័យស្នេហ៍» រូបនេះបានបន្តថា បើទោះបីជាទៅណាមកណាគ្មានអ្វីជិះមែនពិត និងកំពុងប្រឈមបញ្ហាជីវភាពក្តី ប៉ុន្តែលោក មិនលើកដៃសុំនោះទេ តែអ្វីដែលលោកត្រូវលើកដៃសុំ នោះគឺសុំសម្រាប់បងប្អូនទស្សនិកជន ដែលត្រូវការ​លោកច្រៀងការ ក្នុងក្រុង និងតាមខេត្ត សុំហៅលោកផង ។ លោកក៏បានលើកឡើងបន្តថា កាលពីអំឡុងឈឺដេកនៅពេទ្យរុស្ស៊ី ដោយវះកាត់បុស​ត្រង់កំប៉ះគូថនោះ ក៏មានបងប្អូនអ្នកសិល្បៈ ជួយថវិកា ដោយរៃជូនលោកបានជាង ១០០០ដុល្លារអាម៉េរក តែលោកបានធ្វើការប៉ះបដិសេធ ព្រោះទី ១ លោកបានជួយពីក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោសែន Thy da និងទី​២ លោកមាន​រាងកាយម៉ាំមួន មិនដល់ថ្នាក់លើកដៃ សុំគេនោះទេ ៕