ភ្នំពេញ៖ រឿង«ភ្លើង» ដែលកំពុងចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ បាយ័នធីវី និងរឿងភាគថៃ ដែលចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ «វង្វេងភ្លើង» ត្រូវបានបង្កើតរឿងចម្រូងចម្រាសកូពីសារជាថ្មីដោយចោទសំនួរថា នរណាចំលងណា ខ្មែរចំលងថៃ ឬថៃចំលងខ្មែរ ?
រឿង«ភ្លើង» របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ចាក់ផ្សាយ ថ្ងៃច័ន្ទ- ព្រហស្បត្តិ៍ វេលាម៉ោង ៨ដល់ម៉ោង ៩ យប់ ចំណែក រឿង «វង្វេងភ្លើង» ដែលជារឿងរបស់ថៃ ដែលនឹងចាក់ផ្សាយម្តងទៀត រាល់ថ្ងៃច័ន្ទ-អង្គារ វេលាម៉ោង ៦ល្ងាច ដែលបានចាក់ផ្សាយជាថ្មី កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ។
ជុំវិញរឿងទាំងពីរនេះ ត្រូវបានទស្សនិកជនដែលចូលចិត្តតាមដានទស្សនាខ្សែភាពយន្តបានចោទជាសំនួរយ៉ាងចម្រូងចម្រាសលើបណ្តាញសង្គម ហ្វេសប៊ុកថា «រឿង2នេះដូចគ្នា ទាំងចំណងជើងនិងសាច់រឿង ថៃ Copy ខ្មែរ??អ្នកណាចំលងអ្នកណាឲ្យច្បាស់?? » ។
ទោះបីជាយ៉ាងណាយើងមិនទាន់អាចសុំការអធិប្បាយពី ផលិតករនិងអ្នកនិពន្ធរឿង របស់ស្ថានីយ៍ទូរទស្សន៍បាយ័នបាននៅឡើយនោះទេ ជុំវិញបញ្ហានេះ ថាពិតជាមិនពិត ?
គេសង្កេតឃើញថាតាមបណ្តាលស្ថានីយ៍ទូរទស្សន៍មួយៗក្នុងស្រុកខ្មែរ មួយរយៈចុងក្រោយនេះចាប់ផ្តើមងាកមកការផលិតរឿងភាគផ្ទាល់ខ្លួន ដើម្បីលុបបំបាត់ការលួចចំលង ប៉ុន្តែបើរូបភាពខាងលើកើតមែននោះ ភាពយន្តខ្មែរ កាន់តែលែងទៅមុខនិងគ្មានថ្ងៃរីកចម្រើន ខណៈផលិតកររឿងដុំ តាមផលិតកម្មផ្សេងៗកំពុងព្រួយបារម្ភ លែងទទួលបានការគាំទ្រពីទស្សនិកជន ជុំវិញការបំបុករឿងបរទេសចំពេលជាមួយរឿងខ្មែរ ក្នុងរោងកុនតែមួយ៕