John Cena កំពុងនៅចិន​ថតកុនជាមួយ ឈិន ឡុង​ ក្រោយសិក្សាភាសាចិនរយៈពេលច្រើនឆ្នាំ​

0

John Cena  គឺជា​តារាម៉ូដែល  កីឡាកាស  និងជាអ្នក​ហាត់កាយវប្បកម្ម ដែលកំពុងល្បីល្បាញនៅលើពិភពលោក ជាពិសេស​ក្នុងប្រទេសចិន​នាពេលបច្ចុប្បន្ន។​អ្នកកីឡាកាស​អាយុ ៤១ ឆ្នាំ រូបនេះ បច្ចុប្បន្ន​កំពុងថតកុន នៅក្នុងប្រទេស​យក្ស​ក្នុងតំបន់អាស៊ី  ជាមួយ​កំពូល​តារាក្បាច់គុន​ចិន Jackie Chan ហៅឈិនឡុង​  ហើយលោកក៏បានថ្លែងប្រាប់​ពីបទពិសោធន៍ថ្មី នៅក្នុងប្រទេសចិន ប្រាប់ WWE តាមរយៈ Youtube ។​

តារាកីឡាកាស​ដ៏ល្បីល្បាញខាងលើ បានរស់នៅ​ប្រទេសចិនអស់រយៈពេល ៣ខែទៅហើយ នឹងបន្ត​ស្នាក់នៅរយៈពេលជាច្រើនខែទៀត ខណៈដែលការថតរឿងនៅតែបន្តនោះ។​ថ្លែងប្រាប់គណនីយូធូបរបស់សម្ព័ន្ធកីឡាកាស WWE ថា ខ្ញុំបានមករស់នៅទីនេះ​រយៈពេល៣ខែទៅហើយ ដោយបានទៅកាន់ទីក្រុង​ជាច្រើនក្នុងប្រទេសនេះ ។ លោកបន្តថា រស់នៅទីនេះគឺមាន​សេចក្តីសុខ និងសប្បាយរីករាយ ហើយនឹងបន្តនៅពីរទៅបីឆ្នាំទៀត   ហើយបើនិយាយពី ១ខែកន្លះដំបូងនៅក្នុងប្រទេសចិន មានអារម្មណ៍ថាសុខស្រួលណាស់។​

John Cena ដែលជាម្ចាស់ពាន ១៦សម័យកាល​ បានរៀនភាសាចិនកុកងឺអស់រយៈពេល​ជាច្រើនឆ្នាំ  ដោយបានស្វែងយល់និងកោតសរសើរចំពោះវប្បធម៌ចិន ។​John Cena ក៏បានលើកឡើងថា លោកបានទៅកាន់ប្រទេសផ្សេងៗ រយៈពេល ២៥ដង ហើយនៅជុំវិញពិភពលោក ប៉ុន្តែគ្មាន​អ្វីគួរ​ឲ្យចង់បាន តែនៅចិនលោកអាចនឹង​បង្កើតលំនៅដ្ឋានមួយ នៅទីនេះ​។​John Cena  នឹងបង្ហាញខ្លួន​នៅ WWE នាថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ ក្នុងប្រទេសអូស្ត្រាលី  ក្នុងព្រឹត្តិការណ៍ Super Show-Down ៕