«ភ្នំពេញ»៖លោក ម៉ៃ វឌ្ឍនា បានលើកឡើងថា អ្វីដែលលោកបានធ្វើនាពេលបច្ចុប្បន្នគឺចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងឡើងវិញ ហើយលោកក៏បានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យបទបច្ចុប្បន្នឆាប់ស្លាប់ ក៏ព្រោះតែគ្មានវិញ្ញាណ ។
លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធបទ«កោះអណ្តែត» បានផ្តល់បទម្ភាសន៍ដល់គេហទំព័រ Obnasia ថាអ្វីលោកធ្វើបច្ចុប្បន្នចង់លើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរឡើងវិញ ។លោក បានត្រៀម តាំងពីឆ្នាំ ២០០៤ -២០០៥ មកដោយសារតែគ្មានលទ្ធភាព ចេះតែបន្លាយរហូត ហើយក៏បានសន្សំចិត្តថា ថ្ងៃណានឹងធ្វើវា ថ្ងៃណាមួយ នឹងបង្ហាញស្នាដែនេះទៅកាន់ខ្មែរយើង ឲ្យបានឃើញវា ។
លោកថា ឧបសគ្គដែលធ្វើឲ្យលោកមិនអាចបានបង្ហាញស្នាដៃបាននៅពេលនោះដោយសារតែ លទ្ធភាព ជាពិសេសថវិកា ។ លោកថា ពេលនេះមានលទ្ធភាព? អត់ទេ វាជាការសន្សំថវិកាមកធ្វើ ទាំងលំបាកលំបិនក៏ព្រោះតែចង់ឃើញ សិល្បៈចម្រៀងងើបឡើងវិញ កុំឲ្យដាំក្បាលចុះក្រោម។
ម៉ៃ វឌ្ឍនា កវីជនបទ ខាងលើក៏បានលើកបង្ហាញពាក់ព័ន្ធបទសម័យបច្ចុប្បន្ន និងសម័យដើម ដោយលោកបានវែកញែកថា យើងត្រូវគិតបែបធម្មជាតិ ថាមនុស្សដែលគ្មានព្រលឹងគឺស្លាប់ ហើយអ្នកដែលធ្វើទាំងនោះសុទ្ធតែមានសមត្ថភាពទើបអាចធ្វើបាន ប៉ុន្តែគ្រាន់តែរសជាតិក្នុងបទចម្រៀងវាគ្មានវិញ្ញាណ ដោយមិនមានធាតុផ្សំជាច្រើន ដោយផ្សំចេញពីខ្លឹមសារនៃប៉ារ៉ូលបទចម្រៀង ដោយប៉ារ៉ូលមិនភ្ជាប់មកជាមួយលក្ខណ្ឌបែបអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ បើនិយាយពីអក្សរសិល្ប៍ មានទាំងរូបារម្មណ៍ និងអត្ថរស ។ ហើយខ្ញុំមិនដឹងថាអ្នកសរសេរបច្ចុប្បន្ន យល់ពីអក្សរសិល្ប៍ ប៉ុន្មាននាក់ ខ្ញុំមិនដឹងទេណា ។
លោកថា គ្រាន់តែសរសេរប៉ារ៉ូលចម្រៀងមិនត្រូវជ្រុង និងមិនពិរោះទៅហើយ ទម្រាំតែច្រៀងម៉េចនឹងពិរោះ។ បទចម្រៀងដែលពិរោះ គឺមានវិញ្ញាណ និងព្រឹលង ទី២ ភ្លេង អ្នកនិពន្ធភ្លេងគឺត្រូវចេះរក ចេះចាប់ ឲ្យសមនឹងប៉ារ៉ូលដែលសរសេរចេញមក ទី៣គឺអ្នកចម្រៀងមនោសញ្ចេតនានេះគឺត្រូវដាច់ខាត មានលក្ខណៈសម្បត្តិធំដាច់គេ ទឹកដមសំឡេង ព្រោះគាត់ជាអ្នកធ្វើបទបង្ហាញ បើគាត់ច្រៀងអត់ត្រូវណោតភ្លេងគឺមិនអាចទៅរួចនោះទេ ហើយគោបផ្សំនឹងរឿងទាំងបីនេះហើយ ដែលធ្វើឲ្យបទចម្រៀង មានព្រលឹងកើតឡើង ហើយរាប់សិបឆ្នាំមិនចេះរលត់ទេ ។
លោកបន្ថែមថា ប៉ារ៉ូលជារឿងសំខាន់ណាស់ ដែលធ្វើឲ្យកើតឡើងនូវវិញ្ញាណ ត្រឹមតែប៉ារ៉ូលសរសេរឡើងត្រឹមតែស្នេហា ដើមទ្រូង គេក្បត់យើង យើងក្បត់គេ ឲ្យរីកចម្រើនទៅណា ? សម្រាប់ខ្ញុំមិនអាចសរសេរចឹងកើតនោះទេ ទោះបីជាឲ្យខ្ញុំមួយបទ ២ពាន់ដុល្លារក៏មិនអាចដែរ មិនមែនមិនចេះធ្វើនោះទេ តែវាអៀនដៃ ខ្មាស់គេណាស់ រៀនសូត្រថ្នាក់ធំៗអស់ហើយ សរសេរប៉ារ៉ូល ក៏ដូចជា បទបង្ហាញមិនឲ្យគេស្តាប់ចូលត្រចៀកផង ។
លោកបានសង្កត់ធ្ងន់ថា បទសម័យនេះ ប្រហែលភាគច្រើន មិនកើតចេញពី ស្នាដៃអ្នកនិពន្ធនោះទេ ព្រោះអ្នកនិពន្ធពិតប្រាកដ គេអត់សរសេរទេអាចឹងៗ ទោះឲ្យថ្លៃគេប៉ុណ្ណា ក៏គេមិនយកដែរ គេខ្មាស់អៀន គេខ្លាចខូចស្នាដៃគេណាស់ ។ លោកថា ឲ្យតែអ្នកសរសេរតាមអំពើចិត្ត វាមិនមែនជាអ្នកចេះដឹងនោះទេ ហើយសួរថា ហេតុអ្វីបទសម័យឆាប់ស្លាប់ម្លេះ ? មកពីបទចម្រៀងនោះ អត់មានព្រលឹងវិញ្ញាណ ។
លោកថាក្រៅពីបទ «កោះអណ្តែត» ដែលកំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុកនោះ មានអ្នកមើលជាង ១លានដងនោះ នៅមានបទជាច្រើនទៀតដែលលោកនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខ ។ ប៉ុន្តែអ្វីដែលជារឿងខ្វល់ខ្វាយបំផុតនោះ គឺថាថវិកាលោក មានកំណត់ក្នុងការផលិត ដោយកំពុងរងចាំមើលម្ចាស់ស្ពន់ស័រ ដែលចូលខ្លួនមកឧបត្ថម្ភដើម្បីបង្កើតបទស្នាដៃកូនខ្មែរ លើកស្ទួយ និងអភិរក្សសិល្បៈខ្មែរ ៕
ស្តាប់បទ«កោះអណ្តែត» ដូចខាងក្រោម៖