ភ្នំពេញ៖ ពន្លកសិល្បករថ្មីមួយទៀត លោក ថៃ ណា អាយុ ២៧ ឆ្នាំជាអ្នកខេត្តកំពង់ចាមបានព្យាយាមប្រលូកសិល្បៈរយៈពេល ៣ឆ្នាំចុងក្រោយ ប៉ុន្តែទម្រាំតែបានឈានដល់ដំណាក់កាលនេះគឺធ្លាប់បានឆ្លងកាត់ធ្វើសំណង់ និង ត្រូវបានគេបោកឆ្អែតឆ្អន់ ។
បង្ហាញវត្តមានក្នុងកម្មវិធី OBN Music ក្នុងផេក OBN Asia កាលពីពាក់កណ្តលសប្តាហ៍មុន លោក ថៃ ណា ដែលបច្ចុប្បន្នជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានមួយកន្លែងម្តុំស្ទឹងមានជ័យ បានបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកថា លោកបានចូលសិល្បៈបាន ៣ឆ្នាំ ដោយក្នុងនោះ ធ្លាប់បានច្រៀងតាមការប្រគំតន្ត្រីធំៗតាមខេត្តមួយចំនួន ហើយបើងាកទៅកាន់អតីតកាលជារឿងគួរឲ្យស្រងេះស្រងោចបំផុត ។
អ្នកស្រុកបាធាយ រូបនេះបានបន្តថា ដើមឡើយខ្លួនជាអ្នកចម្រៀងតាមភូមិ តាមរោងការ ហើយក៏បានឈានជើងមករាជធានីភ្នំពេញ ដំបូងនៅឆ្នាំ ២០០៧ ដោយបានធ្វើការសំណង់ដើម្បីក្រពះ ខណៈដែលខ្លួនបានបាត់បង់ឪពុកស្លាប់ដោយសារជំងឺ ។ ពន្លកសិល្បកររូបនេះបានបន្តថា ដំណើរ នៅរាជធានីភ្នំពេញនេះវាពិបាកខ្លាំងណាស់ ដោយចូលធ្វើការកន្លែងខ្លះ ត្រូវបានគេបោកមិនបើកប្រាក់ខែឲ្យ និងកន្លែងខ្លះទៀត បើកឲ្យតែមិនគ្រប់ ធ្វើឲ្យជីវភាពខ្លួនខ្វះមុខ ខ្វះក្រោយ ។ ដោយសារតែខ្លួនមានឧបនិស្ស័យជាមួយសិល្បៈចម្រៀងនេះ ក៏បានស្គាល់អ្នកល្អ នាំឲ្យចូលច្រៀងតាមហាង និងត្រូវបានគេហៅទៅច្រៀងកម្មវិធីធំៗ ញឹកញាប់ផងដែរ តែមិនទាន់ធ្វើឲ្យជីវភាពស្រស់ថ្លានោះទេ ដោយត្រូវរ៉ាប់រងជីវភាពគ្រួសារនៅស្រុកកំណើត ដែលម្តាយកំពុងស្ថិតក្នុងស្ថានភាព ចាស់ជរា ។
ថៃ ណា បានអះអាងថា ក្រៅពីការច្រៀងខ្លួនក៏អាចមានសមត្ថភាពមួយទៀតគឺនិពន្ធបទចម្រៀងថ្មី ដោយពេលខ្លះជិះម៉ូតូសុខៗ ក៏ស្រាប់តែនឹកឃើញ នូវ Melody ថ្មីផងដែរ ៕