ក្រោយបង្ហាញវត្តមានជាមួយកម្មវិធីតន្ត្រី OBN Music យុវតីវ័យ ២១ ឆ្នាំកញ្ញា អ៊ួត ស្រីនិជ បានត្រៀមខ្លួនរួចរាល់ហើយចូលប្រឡូកវិថីចម្រៀងពេញ ទំហឹង ក្រោយបានរៀនសូត្រសិក្សាវគ្គភ្លេង និងហ្គីតានៅសាលាអេនយ៉ា ហើយក៏ត្រៀមបញ្ចេញនូវបទចម្រៀង Original Song ក្នុងពេលឆាប់ៗ ខាងមុខផងដែរ ។
យុវតីមកពីទឹកដីខេត្តកំពង់ចាមរូបនេះបានថ្លែងប្រាប់គេហទំព័រ OBN Asia ថា «នាងខ្ញុំបានចូលសិក្សាវគ្គហ្គីតា និងភ្លេងនៅសាលាអេនយ៉ា រយៈពេលខ្លី ៣ទៅ៤ខែ ក៏ចេះលេងបទចម្រៀងជាច្រើន ហើយក៏បានត្រៀមខ្លួនបញ្ចេញនូវបទចម្រៀងស្នាដៃនិពន្ធថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ» ។

យុវតីដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី១ ផ្នែកគណនេយ្យរូបនេះបានបន្តថា វាជាក្តីស្រមៃធំមួយដែរ ក្នុងវិថីសិល្បៈ ដែលខ្ញុំប៉ងតាំងពីក្មេងវ័យ ហើយក៏បានជ្រែកខ្លួនពីការសិក្សា ចូលប្រឡងកម្មវិធីផ្សេងៗ ដើម្បីដកស្រង់បទពិសោធន៍ និងបង្ហាញសមត្ថភាព ផ្ទាល់ខ្លួន ។
អ៊ួត ស្រីនិជ បានអះអាងថា«ឧបសគ្គធំតូចក្នុងវិថីសិល្បៈ នាងបានដឹងខ្លះៗដែរ តែមិនខ្លាចក្នុងការប្រឡូកនោះទេ ព្រោះថាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនទាំងការលេងហ្គីតានិងចម្រៀងថ្មី ដែលបានធ្វើជិតរួចរាល់ហើយនោះ នឹងសង្ឈឹមថាអាចនឹងទទួលបានការគាំទ្រផងដែរ ពីទស្សនិកជន ទោះបីជានាងខ្ញុំជាសិល្បៈការិនីថ្មីថ្មោង» ៕
ស្តាប់បទ ” អ្នកថ្មី ” ដូចខាងក្រោមនេះ៖


