ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០១៨ ពិធីការិនី កញ្ញា លីឈី និង លោក ប៊ុន រតនា ដែលគេស្គាល់ថាជានាយកគ្រប់គ្រង និងផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន និងជាថៅកែលក់រថយន្ត S Auto បានសម្រេចដឹកដៃគ្នាភ្ជាប់ពាក្យ ក្រោយសិក្សាស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ ។
បើតាមសម្តីកញ្ញាលីឈី បានប្រាប់ដល់ OBN Asia ថាតាមពិតរវាងខ្ញុំ និងបង ប៊ុន រតនា បានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែស្វែងយល់ចិត្តគ្នា រយៈពេល ១ឆ្នាំចុងក្រោយ និងសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាតែម្តង ។ ពិធីការនីស្រស់សោភា របស់ស្ថានីយ៍ទូរទស្សន៍ថោន រូបនេះបានបន្តថា មានហេតុផលជាច្រើនដែលខ្ញុំបានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយគាត់ ដោយសារតែគាត់ជាបុរសពិត ហើយពាក្យបុរសពិតនៅទីនេះ គឺសំដៅទៅលើគាត់ជាមនុស្សប្រុសមានជំហរត្រឹមត្រូវ ម៉ឺងម៉ាត់និយាយអី ត្រូវតែធ្វើរឿងហ្នឹងឲ្យទាល់តែបាន ។
លីឈី បានបន្តថា អ្វីដែលបង ប៊ុន រតនា សន្យាចំពោះខ្ញុំ គឺគាត់តែងតែធ្វើឲ្យបាន ទោះរឿងធំឬតូច ។
ក្រៅពីនេះ គាត់ជាមនុស្សដែលស្រលាញ់គ្រួសារ បងប្អូន មិនថា ខាងគាត់ ឬខាងខ្ញុំ ដែលមានចរិកដូចខ្ញុំ និងឲ្យតម្លៃដល់នាងខ្ញុំ ។ ពីដំបូងខ្ញុំធ្លាប់គិតថា អ្វីដេលគាត់សន្យាជាមួយខ្ញុំ ហើយធ្វើមិនបាន គឺជាមនុស្សប្រុសដែលខ្ញុំមិនអាចផ្ញើជីវិតបាននោះទេ ប៉ុន្តែផ្ទុយស្រឡះ គាត់អាចធ្វើបាន នូវអ្វីដែលខ្ញុំ ចង់បាន ដែលជាហេតុខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយគាត់ ដើម្បីផ្ញើជីវិត ។
កត្តា គោលជំហរ ស្រលាញ់គ្រួសារ បងប្អូន និងជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ ចំណុចនេះជាអ្វីដែលខ្ញុំចង់បាន លុយកាក់កើតក្រោយ ហើយខ្ញុំមិនដែលសំឡឹងគាត់ទៅលើ ការងារគាត់ធំដុំ និងមុខរបរលក់រថយន្តគាត់នោះទេ ព្រោះថាខ្ញុំក៏មានមុខរបរ តាំងពីក្មេងវ័យដែរ ។ សុភមង្គល វាកើតចេញពីទឹកចិត្ត ចឹងកុំនិយាយរឿងលុយកាក់ ។
សូមបញ្ជាក់ផងដែរ សម្រាប់លីឈី និង លោក ប៊ុន រតនា និងសម្រេចចិត្តរៀបការ នៅឆ្នាំក្រោយ ខណៈដែលគោលដៅក្រេបទឹកឃ្មុំ ក៏បានសម្រេច រួចរាល់ហើយគឺប្រទេសមួយដែលសំបូរទៅដោយផ្កា ៕








