ភ្នំពេញ៖ កើតក្នុងត្រកូលកសិករ យុវជនសិទ្ធ សុណា បានបង្ហាញពីមហិច្ឆិតាធំរបស់ខ្លួន ចង់ស្រវ៉ាចាប់សិល្បៈ ដែលជាក្តីបំណងធំតាំងកាលពីក្មេងវ័យ ខណៈដែលបច្ចុប្បន្នជានិស្សិតអក្សរអង់គ្លេស នៅសាកលវិទ្យាវេសស្ទឺន ឆ្នាំទី២ ។
យុវវ័យ អាយុ ២១ឆ្នាំរូបនេះមានគោលបំណងធំក្នុងជីវិតគឺចង់បញ្ចប់នូវថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ហើយបច្ចុប្បន្នក៏បានបម្រើការងារជាមួយក្រុម ហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ ហើយក៏បានត្រៀមខ្លួនតាំងចិត្តសម្រេចក្តីស្រមៃធំមួយទៀតគឺបង្ហាញវត្តមានលើឆាកធំៗ ដែលមានមនុស្សគាំទ្រ រាប់ម៉ឺននាក់ ។
សិទ្ធ សុណា បានថ្លែងប្រាប់ OBN Asia ស្របពេលដែលមានវត្តមានក្នុងកម្មវិធី OBN Music ថា តាមពិតខ្ញុំមិនមានជាប់សាច់ឈាមអ្នកសិល្បៈអីនោះទេ គ្រាន់តែឪពុកជាអ្នកចេះកូដទ្រ លេងជាមួយអ្នកភូមិតែប៉ុណ្ណោះ ហើយក៏មិនមែនអ្នកសិល្បៈករអីដែរ គាត់ជាកសិករតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលខ្ញុំចង់សម្រេចនៅពេលនេះគឺចង់ក្លាយជាអ្នកចម្រៀងអាជីពម្នាក់ និងបង្ហាញ ទៅកាន់ឪពុកម្តាយ នាពេលអនាគតថា ខ្ញុំនឹងធ្វើបានសម្រេចជាក់ជាមិនខាន ដើម្បីប្រឡូកក្នុងវិស័យសិល្បៈ ។
យុវជនកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់ រូបនេះបានបន្តថា កន្លងទៅខ្លួនបានចូលរួមប្រលងជាមួយកម្មវិធីផ្សេងៗ ប៉ុន្តែធ្វើមិនបានសម្រេច ដោយមិនទាន់ស៊ាំនឹងស្ថានភាពឡើងឆាក ពេលខ្លះទៅភ័យទៅ ដែលជាហេតុមិនអាចទប់ស្ថានភាពលំនឹងបាន រហូតធ្លាក់ចេញពីការប្រឡង ក៏មានដែរ ។ យុវវ័យ រូបនេះបន្តថា ទោះបីជាយ៉ាងណាក៏ដោយខ្លួននឹងព្យាយាមសម្រេចឲ្យបាន នាពេលខាងមុខ៕