ភ្នំពេញ៖ ជារឿងភ្ញាក់ផ្អើល ដែលក្រុមហ៊ុន មហាហង្សបានទទួលសិទ្ធរយៈពេល ៤ឆ្នាំ ក្នុងការរៀបចំប្រកួតបវរកញ្ញា Miss Grand Cambodia ដោយចាប់ផ្តើមនៅឆ្នាំ ២០២០ ។
ក្នុងសន្និសីទកាសែតព័ត៌មានដែលធ្វើឡើងនៅគេហដ្ឋានលោក អ៊ិន សុភិន កាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៩ លោក Nawat បានសម្រេចផ្តល់សិទ្ធ ជូនក្រុមហ៊ុនមហាហង្ស ក្នុងការរៀបចំស្រីស្អាត ទៅប្រកួតនៅក្រៅប្រទេស ដោយសារតែក្រុមហ៊ុនដែលគ្រប់គ្រងដោយលោកអ៊ុន សុភិន ពូកែរកទីផ្សារ មានសកម្មភាពពេញលេញជាមួយសប្បុរសធម៌ ដែលជាហេតុលោកមានទំនុកចិត្តខ្ពស់ ទៅលើម្ចាស់ក្រុមហ៊ុនខាងលើ។
លោក Nawat ប្រធាន Miss Grand International បន្តថា មហាហង្សនឹងទទួលបានសិទ្ធស្វែងរកស្រីស្អាតទៅប្រកួតនៅលើឆាកបរទេស ចាប់ពីឆ្នាំ២០២០ តទៅ ដោយមានរយៈពេល ៤ឆ្នាំ ហើយសង្ឈឹមថាដៃគូថ្មីនេះ នឹងអាចរកស្រីស្អាតដែលជាបវរកញ្ញាកម្ពុជាឲ្យពាក់មកុដ។
ទន្ទឹមជាមួយគ្នានេះដែរលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយទទួលបានសិទ្ធផលិតកម្មវិធីខាងលើ រយៈពេល ៤ឆ្នាំ ។ ក្នុងនោះដែរលោកក៏បានប្រកាសថា ការជ្រើសរើសប្រកួតប្រជែងស្រីស្អាត នឹងធ្វើឡើងនៅខែកុម្ភៈ ដោយជ្រើសរើសតាមបណ្តាខេត្ត ក្រុង ហើយមកប្រលេងជ្រើសរើសឈុតធំ ដោយស្វែរករកស្រីស្អាតម្នាក់ ដែលមានទាំងជំនាញ និងចំណេះ ដោយឲ្យទៅប្រកួតតំណាងកម្ពុជា ៕














