ភ្នំពេញ៖ តារាចម្រៀង និងសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា មួយរយៈមុនទើប តែពើបប្រទះក្រឡាប់ឡាន ប៉ុន្តែមិនបណ្តាលឲ្យរបួសអ្វីធំដុំនោះទេ ហើយថ្មីៗនេះក៏ស្រាប់តែចូលទៅវះកាត់បុសអន្ទង់ ជាបន្ទាន់ព្រោះទ្រាំលែងបាន ក្រោយបុសនេះ កាន់តែចាក់រុកស៊ីសាច់យ៉ាងជ្រៅ ផ្នែកខាងក្រោយត្រង់ចំណុចកំប៉ះគូថ។
បើតាមសម្តីលោក ម៉ារ៉ា ប៊ុណ្ណា បានប្រាប់ថា លោកបានកើតបុសនេះយូរថ្ងៃហើយ ប៉ុន្តែចេះតែមិនខ្វល់ ហើយទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើទុក្ខ ខ្លាំងក៏សម្រេចចិត្តចូលវះកាត់នៅមន្ទីរពេទ្យរុស្ស៊ីតែម្តង ។
លោកបានថ្លែងបន្តថា ការចូលវះកាត់នេះ គឺលោកបានកើតបុសអន្ទង់ ហើយបុសនេះ វាស៊ីសាច់យ៉ាងជ្រៅដូចរន្ធស្រមោចតែម្តង ។ លោកបន្ថែមថា បើសិនជាវះកាត់មិនទាន់នោះទេ ច្បាស់ណាស់នឹងបែកគ្រាប់ ក្លាយទៅជាមហារីកបាត់ទៅហើយ នេះជាសំណាងហើយដែលលោកបានចូល មកកាន់មន្ទីរពេទ្យទាន់ពេលវេលា។អ្វីដែលសំខាន់នៅពេលនេះគឺលោកដេកផ្អៀងរហូត ក្រោយវះកាត់ ព្រោះស្ថានភាពមុខរបួសត្រង់កំប៉ះគូថ វាមិនទាន់ជាសះស្បើយ៕