ការចុះឈ្មោះសិល្បករដែលមានបំណងចង់ចូលជាសមាជិករបស់សមាគមនឹងចាប់ផ្ដើមឆាប់ៗនេះ

0

ភ្នំពេញ៖ កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​របស់​សមាគម​សិល្បករ​ខ្មែ ដឹកនាំ​ដោយ​ឯកឧត្ដម ទិ​ត ថា​វរិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពិភាក្សា​លើ​ការងារ​សំខាន់​ៗ​ចំពោះ​មុខ​ដែល​ត្រូវ​អនុវត្ត​បន្ត ដើម្បី​ធានា​សម្រេច​បាន​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ស្រប​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ជំទាវ​អ្នកឧកញ៉ា​ប្រធាន​សមាគម ជា​ពិសេស​ការ​ច​ង្អុ​រ​បង្ហាញ​របស់​ថ្នាក់ដឹកនាំ​ជាតិ​ផង​ដែរ​។

គណៈកម្មការ​ប្រតិបត្តិ​បាន​ពិភាក្សា​លើ​ការ​រៀបចំ​ដំណើរការ​ទូទៅ​នៃ​លេខាធិការដ្ឋាន និង​ការ​បែងចែក​តួនាទី​ភារកិច្ច ព្រមទាំង​ការ​ទទួលខុសត្រូវ​របស់​ក្រុមការងារ ក៏​ដូច​ជា​ការ​កែសម្រួល​ប្រព័ន្ធ​រដ្ឋបាល ដើម្បី​ព​ន្លឿ​ន និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។

ឯកឧត្ដម​ប្រធាន​អង្គប្រជុំ​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​ការងារ​ថ្មី​ៗ​ដែល​សម្រេច​បាន​បន្ទាប់​ពី​ដំណើរការ​អាណត្តិ​ថ្មី​បាន​រយៈពេល​១​ខែ​មកនេះ ជា​ពិសេស​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​កម្មវិធី​”​អ្នក​ស្នង​មរតក​” ដែល​នាំ​មក​នូវ​ស្នាមញញឹម និង​ក្ដី​សង្ឃឹម​ដល់​ព្រឹទ្ធាចារ្យ សិល្បករ​រៀមច្បង និង​សិល្បករ សិល្ប​ការិនី​ទូទៅ ដែល​បង្ហាញ​ពី​ការ​រួម​សាមគ្គី​ជា​ធ្លុង​មួយ​ក្នុង​ចង្កោម​សិល្បករ​។ ជា​ពិសេស​ការ​គាំទ្រ និង​ជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​ជាតិ រួម​ទាំង​សប្បុរសជន​ពី​វិស័យ​ឯកជន​ផង​ដែរ​។

បើ​តាម​ឯកឧត្ដម ការងារ​ចំពោះ​មុខ​របស់​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​នេះ គឺ​រៀបចំ​បង្កើត​គណៈកម្មការ ដើម្បី​ចុះ​ឈ្មោះ​សិល្បករ​គ្រប់​ទម្រង់ ដែល​មាន​បំណង​ចង់​ចូល​ជា​សមាជិក​របស់​សមាគម ដើម្បី​អាច​រួម​គ្នា​ធ្វើការ​កិច្ចការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ហើយ​សមាគម​ក៏​អាច​ជួយ​ពួក​គាត់​វិញ​នៅ​ពេល​មាន​តម្រូវការ​ណាមួយ​ដោយ​ឈរ​លើ​គោលការណ៍​គោរព​តាម​ច្បាប់​រដ្ឋ​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ​។

ទោះបី​យ៉ាងណា ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ផ្នែក​ទាំងអស់​នៅ​តែ​បន្ត​ការ​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដើម្បី​ឆ្លើយ​តប​តម្រូវការ​របស់​សមាជិកសមាគម​ផង និង​ដើម្បី​អាច​មាន​លទ្ធភាព​អនុវត្ត​ផែនការ​ថ្មី​ៗ​បន្តបន្ទាប់​ទៀត ព្រោះ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ចាប់ផ្ដើម​នេះ​៕

ប្រភព៖ សមាគមសិល្បករខ្មែរ