កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានបង្ក្រាបជនសង្ស័យចំនួន១៥នាក់ ក្នុងករណីហិង្សាដោយចេតនា (ទៅវិញទៅមក បង្កដោយក្មេងទំនើង) កើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១:១៥នាទី នៅចំណុចភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
*ក្រុមជនសង្ស័យទី១ ចំនួន ០៧នាក់ (ឃាត់ខ្លួន)
*ក្រុមជនសង្ស័យទី២ ចំនួន ០៨នាក់ (ឃាត់ខ្លួន)
*វត្ថុតាងចាប់យក
-ខ្សែក្រវាត់ ពណ៌ស ធ្វើពីដែក ក្បាលរូបមនុស្ស ប្រវែង ១,១០ម៉ែត្រ ចំនួន០២ (របស់ឈ្មោះ បូ ចន្ថា និងឈ្មោះ ឃឿន សីហា)។
-មួកសុវត្ថិភាព ពណ៌ស ០១ (របស់ឈ្មោះ ផាត ជីវ៉ា)។
*សម្ភារៈខូតខាត
-ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GK-0026 (ស្នាមបែកខូចខាតក្បាលម៉ូតូ)។
នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង០២ក្រុមខាងលើ បានឆ្លើយសារភាព៖ ពួកខ្លួនពិតជាបាន ជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក ដោយមូលហេតុធ្លាប់មានទំនាស់ជាមួយគ្នា និងមុនពេលកើតហេតុបានរាំឌឺដងដាក់គ្នាប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល