ប្រធាន​នាយកដ្ឋាន​ភាពយន្ត កោតសរសើរ​ផលិតកម្ម Galaxy Navatra ដែល​ធ្វើ​អោយ​បទ “Are you Ok” របស់​ខ្មែរ បាន​ទៅ​ដល់ទី​ផ្សារ​ប្រ​ទេ​ចិន

0

ភ្នំពេញ៖ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការលក់សិទ្ធចម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ទៅឲ្យក្រុមហ៊ុនចិន GESTOS កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏អញ្ជើញចូលរួមជាកិត្តិយសផងដែរ។

ក្នុងនោះលោកក៏បានបញ្ចេញមតិថា “ខ្ញុំសូមសម្តែងនូវកាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការផលិតនូវស្នាដៃបទចម្រៀង សម្រាប់បម្រើចំណីអារម្មណ៍ទស្សនិកជនរបស់យើង តាំងពីដើមរហូតមកដល់ពេលនេះ ហើយអ្វីដែលកាន់តែពិសេស និងសំខាន់ គឺការខិតខំនាំយកស្នាដៃបទចម្រៀង របស់យើងទៅកាន់ទីផ្សារនៅប្រទេសចិន ដែលយើងដឹងថា គឺជាទីផ្សារមួយដ៏ធំនៅក្នុងពិភពលោក…”។

លោកបានបន្ថែមទៀតថា “ជាក់ស្តែងការចុះអនុស្សរណៈយោគយល់នេះ គឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងវិស័យសិល្បៈចម្រៀងរបស់យើង គឺកម្រមែនទែនក្នុងការរៀបចំនូវការផ្តល់សិទ្ធ ក្នុងការចែកចាយបទចម្រៀងនៅលើទីផ្សារអន្តរជាតិ អាចនិយាយបានថា ជាលើកទី១ផងដែរ។ លោកថា ការលក់សិទ្ធបទចម្រៀង «Are You Ok?» ជូនក្រុមហ៊ុន GESTOS ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គម នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំនៅពេលនេះ មិនត្រឹមតែជាការផ្តល់នូវក្តីសង្ឃឹមជូនដល់សិល្បករ-សិល្បការិនីអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងប៉ុណ្ណោះទេ តែគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសិល្បៈកម្ពុជារបស់យើងលើឆាកអន្តរជាតិ ហើយអ្វីដែលជាចំណុចដែលរិតតែសំខាន់ថែមទៀត គឺការចូលរួមចំណែកអនុវត្តន៍ គោរពតាមច្បាប់ សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល”។

លើសពីនេះទៅទៀតលោកក៏បានឆ្លើយនៅសំណួរដែលសួរថា តើបទចម្រៀង “Are You Ok?” នេះមានបានផ្តល់ប្រយោជន៍ ឬជួយផ្សព្វផ្សាយអ្វីខ្លះ ទៅដល់វប្បធម៌ប្រពៃណីរបស់ជាតិ? ដោយលលោកឆ្លើយថា “បទចម្រៀងមួយបទ នៅក្នុងចរន្តនៃការវិវត្តន៍របស់សាកលភាវូបនីយកម្ម ការអភិវឌ្ឍន៍ ទំនើបកម្មតែងតែមាន ហើយអ្វីដែលយើងមានការបង្កប់នៅក្នុងបទចម្រៀង យើងឃើញហើយ គឺភាសារបស់យើង អក្ខរាវិរុទ្ធរបស់យើងនៅលើបទចម្រៀងនោះ គឺជាការបានបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់យើងបាត់ទៅហើយ យើងមិនអាចទៅបង្ហាញគ្រប់មុខទាំងសម្លៀកបំពាក់ ទាំងការហូបចុក នោះទេ តែជាការបង្កប់….”៕