តើអ្វីទៅជាជំងឺមហារីកមាត់ធ្មេញ? ហើយគួរព្យាបាលយ៉ាងណា?

0

ភ្នំពេញ​៖ ជំងឺមហារីក​មាត់​ធ្មេញ គឺជា​ដុំ​កោសិកា​មហារីក​ដែល​រីក​រាលដាល​នៅ​ក្នុង​ប្រអប់មាត់​។ ដុំ​កោសិកា​មហារីក​នេះ​កើត​ចេញពី​កោសិកា​នៅ​ក្នុង​ប្រអប់មាត់​ដោយ​ផ្ទាល់ (Primary Lesion) ដូច​ជា​អញ្ចាញធ្មេញ អណ្តាត តំបន់​ក្រោម​អណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ផ្សេង​ៗ ឬ​ក៏​ជា​ដុំ​កោសិកា​មហារីក​ដែល​កើត​មាន​ដោយសារ​ការ​រីក​រាលដាល​ពី​ដុំ​កោសិកា​មហារីក​ផ្សេង​ទៀត​ក្នុង​សារពាង្គកាយ (Metastasis from a distant site of origin)​។

ជំងឺមហារីក​មាត់​ធ្មេញ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ភាគច្រើន​បំផុត​ប្រហែល ៩០% ជា​ប្រភេទ Squamous Cell carcinomas​។ ភាគច្រើន​នៃ​ជំងឺ​នេះ មាន​ទីតាំង​ស្ថិត​នៅ​លើ​អណ្តាត តំបន់​ស្ថិត​ក្រោម​អណ្តាត តំបន់​សាច់​ថ្ពាល់ លើ​អញ្ចាញ លើ​ក្រអូមមាត់ ជាដើម​។

១) មូលហេតុ​៖
– កោសិកា​មហារីក​កើតឡើង​ដោយសារ​បម្រែបម្រួល​ខុស​ប្រក្រតី​នៃ DNA (Oncogenes are activated as a result of mutation of DNA) ។
– កត្តា​ប្រឈម​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​ងាយ​កើត​ជំងឺមហារីក​មាត់​ធ្មេញ​មាន​ដូច​ជា​: ការ​ជក់បារី ការ​ពិសារ​ស្រា ការ​ប្រើប្រាស់​ស្លា​ម្លូ​យូរ​ឆ្នាំ​។
– កត្តារួម​ផ្សំ​ផ្សេង​ទៀត​ដូច​ជា អនាម័យ​មាត់​ធ្មេញ​មិនល្អ ការ​រំខាន ឬ​ភាព​គ្រើម​នៃ​ធ្មេញ​សប្ប​និ​មិ្ម​ត​ដែល​ធ្វើ​ឲ្យ​មុត​ជា​ដំបៅ​រ៉ាំ​រៃ អ្នកជំងឺ​ខ្វះ​អាហារូបត្ថម្ភ​។
– កត្តា​មេរោគ (Bacteria) ពពួក​ផ្សិត (Fungi) វីរុស (​ឧទាហរណ៍​ប្រភេទ​វីរុស HPV16) ។

២) បម្រែបម្រួល​ដំបូង​ជា​ដុំ​ស្លូត មុន​ពេល​ឈាន​ទៅ​រក​ដុំ​កោសិកា​មហារីក “Premalignant lesion”៖
ជា​ដំណាក់កាល​ដំបូង​នៃ​ការ​ប្រែប្រួល​កោសិកា​(​នៅ​ជា​ប្រភេទ​ស្លូត​) ដែល​អាច​ប្រឈម​ទៅ​នឹង​កា​រវិ​ត្តន៍​ទៅ​ជា​កោសិកា​មហារីក​។

ដុំ​រឺ​ដំបៅ​មាន​លក្ខណ​:​ស្លូត​(Premalignant lesion)​មាន​ដូច​ជាៈ បន្ទះ​ពណ៌​ស (Leukoplakia), បន្ទះ​ពណ៌​ក្រហម (Erythroplakia) ឬ ដំបៅ​ពណ៌​ក្រហម​លា​យស (Mixed Red & white lesion),​បន្ទះ​ឆ្នូត​ស​(Oral lichen planus), សាច់ដុំ​ក្នុង​មាត់​ទ្បើ​ង​ក្រិន​(Oral Submucour Fibrosis )​ជាដើម​។ នៅ​ដំណាក់កាល​នេះ បម្រែបម្រួល​កោសិកា​មាន​តិចតួច ហើយ​អ្នកជំងឺ​មិន​មានការ​ឈឺចាប់​ទេ​។

ការ​ប្រែប្រួល​នេះ​អាច​កត់សម្គាល់ និង​ដឹង​ដោយ​ទន្ត​បណ្ឌិត ជា​ពិសេស​គឺ​ការ​ច្រឹប​សាច់​យក​ទៅ​វិភាគ (Biopsy) ដែល​អាច​ឲ្យ​ជា​លទ្ធផល​ដូច​ជា​៖
– បំរែបំរួល​កោសិការ​កំរិត​ទាប (Mild dysplasia)
– បំរែបំរួល​កោសិការ​កំរិត​មធ្យម (Moderate Dysplasia)
– បំរែបំរួល​កោសិកា​កំរិត​ខ្លាំង ហើយ​មាន​កោសិកា​មហារីក (Carcinoma in situ: Severe Dysplasia)
– បន្ទាប់​ពី​នេះ គឺ ចូល​ដល់​ដំណាក់កាល​ជំងឺមហារីក

**​ការ​ពិនិត្យ​តាមដាន និង​ការ​ព្រឹក្សា​ក្នុង​ការ​ព្យាបាល​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​មាន​បំរែបំរួល​កោសិការ​តិចតួច (Mild dysplasia) និង បំរែបំរួល​កោសិការ​កំរិត​មធ្យម (Moderate dysplasia) ពិតជា​មាន​សារៈសំខាន់​មុន​ពេល​កោសិកា​នេះ​ក្លាយជា​កោសិកា​មហារីក នៅ​ដំណាក់កាល បំរែបំរួល​កោសិកា​ខ្លាំង​នឹង​មាន​កោសិកា​មហារីក (Carcinoma in situ)**

៣) រោគ​សញ្ញា​៖
+ ដំបូងៈ បន្ទះ​ពណ៌​ស បន្ទះ​ពណ៌​ក្រហម ឬ បន្ទះ​សលាយ​ក្រហម
+ ដំណាក់កាល​បន្តបន្ទាប់ៈ
– ឡើង​ដុះ​ជា​ដុំ​សាច់​ហើយ​រីក​លូតលាស់​លឿន
– ជា​ដំបៅ​ក្នុង​មាត់ ដែល​មិនជា ហើយ​មាន​សភាព​ឈឺចាប់
– ងាយ​ក្នុង​ការ​ហូរ​ឈាម ហើយ​ដុំ​សាច់​អាច​ឡើង​រឹង
– ចាប់ផ្តើម​ស្ពឹក​តំបន់​មួយ​ចំនួន​ដូច​ជា​លើ​អណ្តាត ឬ​បបូរមាត់
– ឈឺ​ក្នុង​ត្រចៀក ក្បាល
– ហាមាត់​មិន​រួច ស្ទះផ្លូវ​ដង្ហើម
– ពិបាក​ញ៉ាំ ស្រក​ទំងន់​លឿន
– ឡើង​កូនកណ្តុរ​តាម​តំបន់​ក (Cervical lymphadenopathy) ផ្សេង​ៗ

៤) ការ​ធ្វើ​រោគវិនិច្ឆ័យ​៖
– ការ​ធ្វើ​រោគវិនិច្ឆ័យ​អាស្រ័យ​ទៅ​លើ​ទំហំ​ប្រភេទ​នៃ​ជំងឺ និង​ដំណាក់កាល​នៃ​ការ​វិវត្តន៍
– ការ​ពិនិត្យ​ក្នុង​មាត់ៈ ដុំ​សាច់​រីក​លូតលាស់​លឿន មាន​សភាព​រឹង ងាយ​ចេញ​ឈាម
– ការ​ច្រឹប​សាច់​យក​ទៅ​ពិសោធន៍ (Biopsy) គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ជំងឺមហារីក​មាត់​ធ្មេញ
– ការ​អង្កេត​ផ្សេង​ទៀត​ដូច​ជា ថត​ឆ្លុះ​កាំរស្មីអ៊ិច អឹ​ម​អរ​អាយ ស្កេ​ន​នែរ (Panoramic X-ray, Chest X-ray CT Scan, MRI) ដើម្បី​ដឹង​ពី​ទីកន្លែង នឹង ការ​រីក​រាលដាល

៥) ការ​ព្យាបាល​៖
ការ​ព្យាបាល​គឺ អាស្រ័យ​ទៅ​តាម​ដំណាក់​ការ​វិវត្តន៍​នៃ​ជំងឺ មាន​ដូច​ជាៈ
– ការ​វះកាត់​យក​ដុំ​កោសិកា​មហារីក​ចេញ (Radical Surgery)
– ការ​ព្យាបាល​ដោយ​ប្រើប្រាស់​កាំរស្មី (Radiotherapy)
– ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី (Chemotherapy)
– ឬ​ការ​រួម​បញ្ចូល​គ្នា​នៃ​វិធីសាស្ត្រ​ព្យាបាល​ខាងលើ
– ការ​ព្យាបាល​ថែទាំ​ដំណាក់កាល​ចុង​ក្រោយ (Palliative Theraphy)

៦) អនុសាសន៍​ក្នុង​ការ​ការពារ​ជំងឺមហារីក​មាត់​ធ្មេញ​៖
– ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ស្អាត
– បញ្ឈប់​ការ​ជក់បារី ផឹកស្រា និង​ពិសារ​ស្លា​ម្លូ
– ក្នុង​ករណី​មាន​ដុំ​សាច់ ឬ​ដំបៅ ឬ​ភាព​ប្រែប្រួល​មិនធម្មតា​ក្នុង​មាត់ ដែល​បាន​កើតឡើង​ហើយ​មិនជា ឬ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២​ទៅ ៣​អាទិត្យ សូម​មក​ព្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។
– ណាត់ជួប​ជាមួយ​ទន្ត​បណ្ឌិត​ជា​រាង​រាល់ ៦​ខែ​ម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​របស់​លោក​អ្នក​។
– សូម​យល់​ថា​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​អាច​កាត់​បន្ថយ​នូវ​អត្រា​ស្លាប់ និង​ងាយស្រួល​ក្នុង​ការ​ព្យាបាល​។

ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​មាត់​ធ្មេញ ឬ​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​រួសរាន់​មក​ជួប​ពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស នឹង​ក្រុម​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​អោយទាន់​ពេលវេលា​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital