WHO៖ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​អុត​ស្វា​អាច​ត្រូវ​បាន​បញ្ឈប់​ប្រសិនបើ​វិធានការ​ចាំបាច់​នានា​ត្រូវ​បាន​អនុវត្ត

0

បរទេស​៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​អុត​ស្វា​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​អាច​ត្រូវ​បាន​បញ្ឈប់​ប្រសិនបើ​បណ្តា​ប្រទេស សហគមន៍ និង​បុគ្គល​នានា​ចាត់វិធានការ​សំខាន់​ៗ និង​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​បញ្ឈប់​ការ​ឆ្លង និង​ការពារ​ក្រុម​ដែល​ងាយ​រង​គ្រោះ​។

ក្នុងអំឡុងពេល​នៃ​ការ​ថ្លែង​ចំណាប់អារម្មណ៍​បើក​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ លោក Tedros បាន​និយាយ​ថា ករណី​ជំងឺ​អុត​ស្វា​ជាង ១៨ ០០០​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ទូ​ទាំង​ពិភពលោក ដោយ​មាន​ជាង ៧០​ភាគរយ​មក​ពី​អឺរ៉ុប និង ២៥​ភាគរយ​មក​ពី​អា​មេ​រិ​ក​។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​ចំនួន ៥​នាក់​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍ ហើយ​ប្រហែល ១០​ភាគរយ​នៃ​ករណី​ឆ្លង​ជំងឺ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាប់​ការ​គ្រប់គ្រង​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​នេះ​។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ជំងឺ​អុត​ស្វា គឺជា​ភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​នៃ​ក្តី​បារម្ភ​អន្តរជាតិ (PHEIC) កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ PHEIC គឺជា​កម្រិត​នៃ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ដែល​ស្ថាប័ន​សុខភាព​អង្គការសហប្រជាជាតិ​អាច​ផ្តល់​ឱ្យ​។

អ្នកដឹកនាំ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​អុត​ស្វា លោកស្រី Rosamund Lewis បាន​និយាយ​ថា នៅ​ពេល​នេះ ការ​ផ្ទុះ​ឡើង​គឺ​ភាគច្រើន​នៅ​តែ​ប្រមូលផ្តុំ​នៅ​ក្នុង​ក្រុម​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស ប៉ុន្តែ​នោះ​មិនមែន​ជា​ករណី​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា ជំងឺ​អុត​ស្វា​អាច​បណ្តាល​ឱ្យ​មាន​សញ្ញា និង​រោគ​សញ្ញា​ជា​ច្រើន រួម​ទាំង​ដំបៅ​ឈឺចាប់​ផង​ដែរ​។ មនុស្ស​មួយ​ចំនួន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការ​ថែទាំ​នៅ​ក្នុង​មណ្ឌល​សុខភាព​។ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​នេះ រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​អ្នក​ដែល​គ្មាន​ភាពស៊ាំ​នឹង​មេរោគ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​ជំងឺ​នេះ គឺ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះពាល់​គ្នា​ដោយ​ផ្ទាល់​។

អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក និង​សហភាព​អឺរ៉ុប ទៅ​លើ​ការ​ចេញផ្សាយ​វ៉ាក់សាំង និង​ជាមួយ​បណ្តា​ដៃគូ​ដើម្បី​កំណត់​យន្តការ​សម្របសម្រួល​ជាស​កល​។ វា​ក៏​ណែនាំ​ឱ្យ​មានការ​ចាក់​វ៉ាក់សាំង​តាម​គោលដៅ​សម្រាប់​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​អុត​ស្វា និង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះពាល់​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន