ភ្នំពេញ៖ ក្រោយមានការលើកឡើងពីសាមីខ្លួនថា លោកអេ ភូថង និងភរិយា ត្រូវជាគ្រូបង្ហាត់របស់ខ្លួនកិបកេងថវិកា ច្រើនពាន់ដុល្លារនោះ គ្រូខាងលើក៏បានច្រានចោលថារឿងនោះវាមិនពិតនោះទេ ។
រឿងនេះវាបានកើតឡើង ក្នុងអំឡុងពេលដែលអេ រដ្ឋា មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ព្យាបាល ។ អំឡុងពេលព្យាបាលនេះ មានសប្បុរសជនជាច្រើនបានឧបត្ថម្ភ ជួយដល់កីឡាករ អេ រដ្ឋា ប៉ុន្តែសាមីខ្លួនថា បានយកថវិកានេះ ផ្ញើទុកឲ្យគ្រូជាអ្នកទុកដាក់ព្រោះខ្លួននៅពេទ្យមិនអាចទុកដាក់ថវិកាបាន ។
ទន្ទឹមជាមួយគ្នានេះដែរ លោក មៃ សុគន្ធ បានសុំស្នើដល់ក្រុមមេធាវីស្ម័គ្រចិត្ត លោកនាយករដ្ឋមន្ត្រីឲ្យជួយ រកសខ្មៅឲ្យកីឡាករ អេ រដ្ឋាផង។
លោក មៃ សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកលោក នាថ្ងៃទី៧ ខែសីហា ថា «គុនខ្មែរពិតជាកំសត់ណាស់ សំរាកព្យាបាលនៅមន្ទីរពេទ្យហើយ លុយសំណងនិងលុយសប្បុរធម៌ បានបាត់ទៀតសូមសំណូមដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោមេត្តាជួយ ដោះស្រាយដល់ កីឡាករប្រដាស់គុនខ្មែរដ៏កំសត់ អេ រដ្ឋា ផង #Shareផងដើម្បីគុនខ្មែរ ៕

