ម៉ន សាម៉េត ៖ ខ្ជិលត្អួញត្អែរលើហ្វេសប៊ុកពីបញ្ហារបួស សុខចិត្តសុំអង្ករម៉ែក្មេក និងលោកសង្ឈហូប

0

«ក្រុងភ្នំពេញ»៖ ផ្តើមចេញពីពាក្យថាខ្មាស់គេ អ្នកប្រដាល់របស់ក្រសួងមហាផ្ទៃ កីឡាករ ម៉ន សាម៉េត បានលើកឡើងថា លោកមិនប្រើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញពីបញ្ហាផ្ទាល់ខ្លួនឡើយ ដែលប៉ះពាល់ដល់ពន្លកគុនខ្មែរជំនាន់ក្រោយ ហើយសុខចិត្តសុំអង្ករម៉ែក្មេកហូប ឬលោកសង្ឈហូប ក្នុងករណីដាច់ស្បៀង​។​

ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមរូបនេះបានថ្លែងប្រាប់ OBN Asia តាមឆាតនាល្ងាចថ្ងៃម្សិលមិញឲ្យដឹងថា លោកបានផ្អាកការប្រកួតគ្រប់ ស្ថានីយ៍ទូរទស្សន៍សុទ្ធតែជាគូសំខាន់ ហើយក៏បានជូនដំណឹងទៅកាន់ស្ថានីយ៍មុនដើម្បីងាយស្រួលគេរៀបចំការប្រកួត ហើយការឈប់បណ្តោះ អាសន្នក៏ព្រោះតែមានបញ្ហាក្រិកសរសៃក្រោមជង្គង់ បើមិនសម្រាក​លោកអាចនឹងមានបញ្ហាទៅថ្ងៃក្រោយ ឡើងសង្វៀនមិនបាន ។

កីឡាករម៉ន សាម៉េត បានបន្តទៀតថា កាលដែលលោកចេញទៅប្រកួតនៅក្រៅប្រទេស​ជាមួយភូមា លោកក៏មានបញ្ហារបួស​នេះទៅហើយ ប៉ុន្តែខ្លាច ខូចកម្មវិធីគេ ក៏សុខចិត្តទៅទាំងជំងឺដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រចង់ឃើញ ការប្រកួតនោះ ។ លោកថាលោកសោកស្តាយខ្លាំងណាស់ ដែលមិនបាន ឈ្នះម្ចាស់ផ្ទះដើម្បីនាំយកជ័យលាភីជូនបងប្អូនអ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជា ។ ម៉េន សាម៉េត បានអះអាងថា បញ្ហារបួសនេះ លោកខ្ជិលត្អូញត្អែរ ណាស់ ក៏ព្រោះតែលោកខ្មាស់គេ មានប៉ុន្មានហូបប៉ុណ្ណឹងទៅ ហូបកំលាំងញើសឈាមម៉ែក្មេកសិន បើអត់លុយ យ៉ាងច្រើនសុំអង្ករលោកសង្ឈហូប ទៅវារួចទៅហើយ ។​
លោកថា ការមិនត្អួញត្អែរមិនមែនលោកមានបានទ្រព្យសំបូរហូរហៀរអីទេ ប៉ុន្តែគិតទៅវាខ្មាស់គេ ហើយគ្មានបានអីមកវិញ ក្រៅតែពីការវាយតម្លៃពី ទស្សនិកជន ហើយក៏មិនចង់ធ្វើគំរូអាក្រក់ជូនពន្លកគុនខ្មែរ សារក្រោយដែរ ៕