ឧកញ៉ា ស្រី ចាន់ថន នឹងមិនឈរឱបដៃមើលរឿងអយុត្តិធម៌ ក្នុងការប្រកួតរបស់កីឡាករ ឈឿង ល្វៃ ឡើយ!!

0

ភ្នំពេញ៖​ កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ តាមរយៈផេកហ្វេសប៊ុកផ្លូវកាលរបស់ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះថា៖

“ខ្ញុំសូមតំណាងឲ្យប្រជាជនខ្មែរជាង១៦លាននាក់ ខ្ញុំសូមប្រកាសថា កីឡាករ ឈឿង ល្វៃ ត្បិតតែចាញ់នៅលើសង្វៀនដោយមានការប្រកួតមិនប្រក្រតី ប៉ុន្តែនៅក្នុងបេះដូងរបស់ប្រជាជនទូរទាំងប្រទេស ឈឿង ល្វៃ បានឈ្នះការប្រកួតមួយនេះរួចទៅហើយ។ លទ្ធផលមួយនេះប្រជាជនខ្មែរទូរទាំងប្រទេស មិនអាចទទួលយកបានឡើយ ខ្ញុំនឹងបើកការស៊ើបអង្កេតទៅលើករណីមួយនេះដើម្បីរកយុត្តិធម៌ឲ្យកីឡាករ ឈឿង ល្វៃ និងកីឡាករផ្សេងៗទៀតដែលធ្លាប់ជួប និងកំពុងជួបរឿងអយុត្តិធម៌បែបនេះ។ ខ្ញុំមិនអាចឈរឱបដៃមើលរឿងអយុត្តិធម៌បែបនេះកើតឡើងទៅលើកីឡាករកម្ពុជាឡើយ។ សូមអ្នកកុំយកកីឡាករធ្វើជាទាសកររបស់អ្នកឲ្យសោះ កីឡាករខិតខំហ្វឹកហាត់ គាត់ហត់នឿយណាស់ទៅហើយ ហើយពេលឡើងប្រកួតនៅលើសង្វៀនគាត់ត្រូវរងរបួស ដោយអាចបែកមុខ បែកមាត់ បាក់ដៃ បាក់ជើងជាដើម ហេតុអ្វីបានជាអ្នកមកធ្វើអាជីវកម្មទៅលើកីឡាករបែបនេះ? កីឡារស់ក្នុងសន្តិភាព មានសន្តិភាពទើបមានកីឡាករ តែស្របពេលជាមួយគ្នាយើងត្រូវជួយជ្រុមជ្រែងគ្នា ដោយមិនកេងប្រវ័ញ្ច បន្លំ ឬជញ្ជក់ឈាមកីឡាករដើម្បីបានលាភសក្ការៈឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន”៕