ក្នុងសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយការប្រកួតប្រដាល់រវាង Floyd Maywearther និង Logan Paul ក៏មានរឿងហេតុមួយបានកើតឡើងរវាង Floyd និងប្អូនប្រុសដៃគូប្រកួតរបស់គេគឺ Jake Paul រហូតដល់ថ្នាក់ផ្ទុះជាអំពើហិង្សាទៀតផង។
កីឡាករស្បែកខ្មៅសញ្ជាតិអាមេរិក មិនដែលស្គាល់ពាក្យថាចាញ់ ដែលប្រកាសចូលនិវត្ដន៍ កាលពីប៉ុន្មានឆ្នាំមុន Floyd Mayweather បានវិលមកសង្វៀនប្រកួតសាជាថ្មី ក្នុងជំនួបមិត្ដភាពទល់នឹងតារា Youtuber ដ៏ល្បីម្នាក់គឺ Logan Paul ដែលនឹងធើ្វឡើងនៅថៃ្ងទី៦ ខែមិថុនា ខាងមុខនេះ។
ការប្រកួតមិនទាន់ឈានចូលមកដល់ ពួកគេក៏បានទៅផ្សព្វផ្សាយការប្រកួតរបស់ពួកគេ កាលពីម្សិលមិញ ហើយក៏បានប្រឈមគ្នា ខណ:ប្អូនប្រុសរបស់ Logan Paul ដែលជាតារា Youtube ហើយក៏ជាអ្នកប្រដាល់ម្នាក់ផងនោះគឺ Jake Paul ក៏មានវត្ដមានផងដែរ។
យ៉ាងណាក្ដីអំឡុងពេលនោះ Jake Paul វ័យ២៤ឆ្នាំ និង Floyd វ័យ៤៤ឆ្នាំ បានតទល់មុខគ្នា រួចក៏និយាយពាក្យសម្ដីផ្គើនមួយចំនួន ស្រាប់តែ Jake បានទាញមួកពីក្បាល Floyd យកទៅពាក់ហើយដើរចេញ។
ភ្លាមៗ Floyd និងក្រុមការពាររបស់គេបានទៅវាយ Jake ហើយសន្ដិសុខ ក៏ដូចជាមនុស្សនៅជុំវិញនោះ បានឃាត់ពួកគេ ដែលជាលទ្ធផល Jake Paul បានជាំមុខ ក្រោយពីត្រូវក្រុមការពាររបស់ Floyd ដាល់ត្រូវ៕