ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសានេះថា អង្គការសុខភាពពិភពលោក បាននិយាយថាមិនមានភ័ស្តុតាងណាមួយ ដែលថាវីរុសកូរ៉ូណា ដែលឆ្លងដល់មនុស្សជាង ២លាននាក់ នៅទូទាំងពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍នោះទេ។
អ្នកនាំពាក្យលោក Zhao Lijian បានឆ្លើយតបទៅនឹងការចោទប្រកាន់ថា វីរុសកូរ៉ូណា មានដើមកំណើតនៅក្នុងមន្ទីរពិសោធន៍មួយនៅក្រុង Wuhan ភាកកណ្តាលនៃប្រទេសចិន ដែលជាកន្លែងរីករាលដាលដំបូង នៅចុងឆ្នាំ ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងព្យាយាមកំណត់រក ថាតើមេរោគនេះលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយនៅក្រុង Wuhan ឬយ៉ាងណា ហើយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថា ទីក្រុងប៉េកាំង «ចាំបាច់ត្រូវតែស្អាតស្អំ» នូវអ្វីដែលពួកគេធ្វើ។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ បាននិយាយនៅថ្ងៃអង្គារនេះថា ការស៊ើបការណ៍សម្ងាត់មួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថាវីរុសនេះទំនងជាកើតឡើងដោយធម្មជាតិ ផ្ទុយទៅនឹងការបង្កើតនៅក្នុងមន្ទីរពិសោធន៍នៅក្នុងប្រទេសចិន ប៉ុន្តែវាមិនមានភាពប្រាកដប្រជាណាមួយឡើយ។
លោក ត្រាំ បាននិយាយថា «យើងកំពុងធ្វើការពិនិត្យយ៉ាងហ្មត់ចត់ អំពីស្ថានភាពដ៏អាក្រក់នេះដែលបានកើតឡើង»៕
Home ព័ត៌មានអន្តរជាតិ WHO៖ គ្មានភ័ស្តុតាង បង្ហាញថាកូវីដ១៩ បង្កើតដោយមន្ទីរពិសោធន៍របស់ចិន