ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោកបានពន្យល់ពីពាក្យ «បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត» នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក ។
លោកបានសរសេរថា ឃើញអ្នកបង្ហោះពាក្យថា «បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត» ដោយសំអាងថាជាពាក្យរបស់សម្តេចតេជោ ។ តាមពិត អ្នកស្រង់សំដីមួយឃ្លានេះមកផ្សាយ គឺ ឬមួយមិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់ ។ ព្រោះគេនាំគ្នា កាត់សំដីដើម សំដីកន្ទុយ ដកតែមួយឃ្លាពីបរិបទទាំងមូលដែលជជែកគ្នា ។
លោកបានបន្តថា សំដីមួយឃ្លានេះ គឺនិយាយពីលក្ខខណ្ឌដែលរដ្ឋអាចជួយអ្នកស្ថិតក្នុងភាពក្រីក្រ តាមប្រព័ន្ធសំណាញ់សន្តិសុខសង្គម ដែលរដ្ឋមានគោលការណ៍ជួយអ្នកក្រីក្រមួយចំនួន ។ តែក្នុងនិយមន័យ «ក្រីក្រ»ដែលបានកំណត់ក្នុងការងារជំរឿនកន្លងមក មានម៉ូតូ មិនអាចរាប់បញ្ចូលក្នុងស្ថានភាព«ក្រីក្រ»បានទេ ។ នេះជាអត្ថន័យដែលសម្តេចចង់បញ្ជាក់ ក្នុងពេលដែលលោកក៏បានលើកឡើងអោយបង្វែរមុខរបរក្នុងស្ថានភាពកូវីដ១៩ ដោយមិនត្រូវទាមទារអោយរដ្ឋ «ត្រូវតែ» រ៉ាប់រងគ្រប់បែបយ៉ាងនោះឡើយ ៕