ក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់កំពុងរៀបចំបាញ់ផ្កាយរណបបាញ់ទៅកាន់តារាវិថី ខណៈដែលអាម៉េរិកបានចោទថា ជាការគម្រោងការអភិវឌ្ឍមីស៊ីលផ្លោង។ នេះបើយោងតាមគេហទំព័រ cgtn បានចុះផ្សាយ។
លោក Mohammad Javad Azari-Jahromi រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបច្ចេកវិទ្យាអ៊ីរ៉ង់បានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតទ័រថា ត្រឹមត្រូវហើយ យើងកំពុងរៀបចំ កន្លែងមួយដើម្បីបាញ់ផ្កាយរណប Zafar ទៅកាន់គន្លងតារាវិថី ។
លោករដ្ឋមន្រ្តីខាងលើបានបន្តថា បន្ទាប់ផ្កាយរណបនេះបាញ់រួចរាល់ហើយ ទៅលើគន្លងតារាវិថី យើងនឹងបាញ់ចំនួន៥បន្ថែមទៀត។
ទន្ទឹមជាមួយគ្នានេះដែរសហរដ្ឋអាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចជាកម្មវិធីគ្រាប់ផ្លោងរយៈចម្ងាយឆ្ងាយ ដែលត្រូវប្រើដាក់ជាផ្កាយរណបចូលទៅក្នុងតារាវិថី ហើយក៏អាចត្រូវបានប្រើដើម្បីបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរដែរ។
ទោះជាយ៉ាងណាក្រុងតេអេរ៉ង់បានធ្វើការបដិសេធ ការចោទប្រកាន់របស់អាម៉េរិក ដែលថាសកម្មភាពនេះជាការបិទបាំងសម្រាប់ការអភិវឌ្ឍមីស៊ីលផ្លោង ហើយនិយាយថាខ្លួនមិនដែលបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។
ប្រទេសអ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណប Omid (Hope) នៅឆ្នាំ២០០៩ ហើយផ្កាយរណប Rasad (Observation) បានបាញ់ទៅកាន់គន្លងតារាវិថីកាលពីខែមិថុនា ឆ្នាំ២០១១ ៕