គូស្នេហ៍ជនជាតិបារាំងពីរនាក់ប្រឈមជាប់ទោស ៦ឆ្នាំលើករណី​លួចខ្សាច់៤០គីឡូក្រាមពីអ៊ីតាលី

0

គូស្នេហ៍ជនជាតិបារាំងពីរនាក់ ទំនង​ជាប្រឈមមុខ​ជាប់ ពន្ធនាគារយ៉ាងហោចណាស់ ៦ឆ្នាំ បន្ទាប់ពីប៉ុនប៉ងលួចខ្សាច់ពីឆ្នេរដ៏ល្បី ក្នុងប្រទេសអ៊ីតាលី ដែលស្ថិតនៅលើកោះ Sardinia ។
ប៉ូលិសអ៊ីតាលី បានរកឃើញថាប្តីប្រពន្ធជនជាតិបារាំងនេះ បានព្យាយាមលួចខ្សាច់ពណ៌សចំនួន ៤០គីឡូក្រាម ពីឆ្នេរChia ដែលស្ថិតនៅភាគខាងត្បូងនៃកោះ Sardinia ។​
ខ្សាច់ពណ៌សនេះ ពួកគេបានច្រកក្នុងស្បោងប្លាស្ទិក ចំនួន ១៤ផ្សេងគ្នា ។
យោងតាមសារព័ត៌មាន Guardian បានអោយដឹងថារថយន្តដែលភ្ញៀវទេសចរណ៍ពីរនាក់នេះ ជិះត្រូវបានសមត្ថកិច្ចបញ្ឈប់ ក្នុងគោលដៅពី Porto Torres ទៅកាន់ទីក្រុងរបស់បារាំង Toulon ។​

ប្តីប្រពន្ធជនជាតិបារាំងនេះ បាននិយាយថាពួកគេបានយកខ្សាច់នេះ ធ្វើជាវត្ថុអនុស្សាវរីយ៍ ហើយពួកគេមិនដឹងថាបានរំលោភច្បាប់នោះទេ​។ ប្រទេស​អ៊ីតាលីនឹងដាក់ទោសទៅលើប្តីប្រពន្ធជនជាតិបារាំងនេះ ដាក់ពន្ធនាគារពី ១ ទៅ ៦ ឆ្នាំចំពោះអាកប្បកិរិយា ចំពោះអាកប្បករិយាលួចខ្សាច់នេះ ។
នេះជាវិធានការដ៏តឹងរឹងបំផុតរបស់របស់រដ្ឋាភិបាលអ៊ីតាលីក្នុងការទប់ស្កាត់ការលួចខ្សាច់ពណ៌សពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់Sardiniaអស់រយៈពេលជាច្រើនឆ្នាំ។

មន្ត្រីសម្ថកិច្ចក្នុងតំបន់បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍ជាច្រើន ដែលបានព្យាយាមលួច​យកខ្សាច់ពណ៌សកាន់តែកើនឡើង ។ ជាក់ស្តែង​ នៅទីក្រុង Olbia ជិតឆ្នេរ Costa Smeralda បានរឹបអូសយកខ្សាច់សមកវិញ ជិត​១០តោន ចេញពីវ៉ាលី របស់ភ្ញៀវទេសចរណ៍ ។​
ការហាមប្រាមមិនឲ្យយកខ្សាច់ពីឆ្នេរ Sardinia បានធ្វើឡើងតាំងពីឆ្នាំ ១៩៩៤ ។ ការពិន័យទៅលើអាកប្បកិរិយាបំពានច្បាប់យកខ្សាច់ចេញ ពីឆ្នេរនេះ ត្រូវពិន័យទឹកប្រាក់ $ 3,300 ផងដែរ ។ទោះបីជាយ៉ាងណាករណីថ្មីនេះ បានធ្វើឲ្យមន្ត្រីក្នុងតំបន់មិនសប្បាយចិត្ត ក៏ព្រោះមាន ភ្ញៀវទេសចរណ៍ច្រើនពេក បានព្យាយាមលួចយកខ្សាច់នេះ។
សាឌីនៀគឺជាកោះមួយក្នុងចំណោមកោះធំជាងគេនិងស្អាតបំផុតពីរនៅសមុទ្រមេឌីទែរ៉ាណេដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីប្រទេសអ៊ីតាលីនិងជុំវិញពិភពលោក៕

ទស្សនាវីដេអូបង្ហាញពីតំបន់កោះខាងលើ ៖

https://www.youtube.com/watch?v=YqnixkdeerI