យោងតាមគេហទំព័រ Kankanews បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Phan ដែលរស់នៅ Zhejiang ប្រទេសចិន គឺជាម្ចាស់សក់ ដែលមានប្រវែង 2.5ម៉ែត្រ ។
បើតាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ស្ត្រីខាងលើនេះ ចាប់ផ្តើមមានបំណងរក្សាសក់របស់នាង ឲ្យបានវែង បន្ទាប់ពីនាងបាន បញ្ចប់ការសិក្សានៅវិទ្យាល័យ ។
បន្ទាប់ពីមានអាយុ ១៨ឆ្នាំ Phan មានសក់ប្រវែង ២.៥ ម៉ែត្រ ហើយរាល់ ២ ទៅ ៣ថ្ងៃម្តង នាងចាប់ផ្តើមលាងសម្អាតសក់ ដោយប្រើរយៈពេល ២០នាទី ។ មិនដូចអ្នកដទៃ ស្ត្រីម្ចាស់សក់វែងនេះ បានប្រើដងទន្លេសម្រាប់លាងសក់ ព្រោះទឹកនៅទន្លេនេះស្អាត ក្រៅពីមានខ្យល់អាកាសត្រជាក់ និងជួយឲ្យមានសុខភាពល្អ ។
នាងមើលទៅដូចជាទេពអប្សរក្នុងរឿងព្រេងនិទាន ។ មិត្តភក្តិរបស់នាង ជាច្រើនបានសរសើរពីសក់របស់នាងវែង រលោងនិងសក់នេះមានសុខភាពល្អ ដូច្នេះទទួលបានការកោតសរសើរ។
Phan បានបញ្ជាក់ថា ការទុកសក់ឲ្យវែង ជាបំណងប្រាថ្នា ប៉ុន្តែសក់វែងនេះ ក៏ជួបនូវបញ្ហាខ្លះ ក្នុងជីវិតប្រចាំថ្ងៃផងដែរ ។
ឧទាហរណ៍ ត្រូវទៅធ្វើការ នាងត្រូវភ្ញាក់កន្លះម៉ោងមុន ដើម្បីចងសក់ឲ្យស្អាត ។
នាងបានបន្តថា សក់វែងវាទុកនូវអនុស្សាវរីយ៍ ដែលខ្ញុំមិនអាចបំភ្លេចបាន ហើយមានមនុស្សជាច្រើនចង់ទិញសក់របស់នាងដូចគ្នា តែនាងមិនលក់នោះទេ ។
នាងបានបន្ថែមថា ពេលខ្លះខ្ញុំទទួលបានសារខ្លះក្នុងគោលបំណងចង់ទិញសក់នេះ ដែលមានតម្លៃចាប់ពី 50,000, 80,000 ទៅ100,000 យ័ន ដែលស្មើនឹងលុយដុល្លារ 14,235.89 ។ នាងថាពេលខ្លះគេឲ្យថ្លៃជាងនេះទៅទៀត ប៉ុន្តែមិនលក់វាទេ ។ នាងបានបន្តថាខ្ញុំយល់ឃើញថា ការទុកសក់ឲ្យវែង គឺមានសុខភាពល្អ ហើយខ្ញុំមិនកាត់វានោះទេ ហើយមិនលក់ដែរ ៕