យន្តហោះរអិលធ្លាក់ផ្លូវ

0

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានរអិលធ្លាក់ផ្លូវរត់ នៅខាងក្រៅក្រុង Borneo ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែពុំមានអ្នកដំណើរណាម្នាក់រងរបួសឡើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lion Air លោក Danang Mandala Prihantoro បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះហោះហើរពី Jakarta ទៅកាន់ Pontianak និងមានអ្នកដំណើរ 182នាក់ ព្រមទាំងសមាជិកនាវិកចំនួន 7នាក់។
យន្តហោះ Boeing 737-800NG បានរអិលចេញពីផ្លូវរត់ ខណៈវាកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Supadio ដែលជាព្រលានយន្តហោះក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថាគ្រោះថ្នាក់បាននាំទៅដល់ការបិទផ្លូវរត់។អ្នកតំណាងសម្រាប់ព្រលានយន្តហោះ Supadio ក៏ដូចជាអ្នកផ្តល់ការត្រួតពិនិត្យចរាចរផ្លូវអាកាសឥណ្ឌូណេស៊ី AirNav មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺឡើយ។
ក្រុមហ៊ុន Lion Air ដែលជាអ្នកនាំមុខទីផ្សារនៅប្រទេសឥណ្ឌូនេស៊ីបានទទួលរងនូវការធ្លាក់យន្តហោះ Boeing 737 MAX នៅក្នុងខែតុលា។ បើយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍បានឲ្យដឹងថា វាមានហេតុការណ៍បែបនេះចំនួន 11ដងចាប់តាំងពីឆ្នាំ 2002 មក៕