កងទ័ពជើងទឹកឥណ្ឌា និងបារាំង បានធ្វើសមយុទ្ធយោធាទ្វេភាគី «វ៉ារូណា ឆ្នាំ២០២៥» (Varuna 2025) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ដោយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខដែនសមុទ្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កងទ័ពជើងទឹកឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួនថា សមយុទ្ធនេះមានលក្ខណៈពិសេសជាសមយុទ្ធការពារដែនអាកាសកម្រិតខ្ពស់ ប្រតិបត្តិការសង្គ្រាមប្រឆាំងនាវាមុជទឹក និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងកម្លាំងរបស់ប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកនោះបាននិយាយថា សមយុទ្ធកងទ័ពជើងទឹកទ្វេភាគី វ៉ារូណា ឆ្នាំ២០២៥ ដែលធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា នេះ បានធ្វើឱ្យកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកបារាំង បញ្ជាក់ពីភាពជាដៃគូយូរអង្វែងរបស់ពួកគេ។
សមយុទ្ធលើកនេះ ជាការហ្វឹកហ្វឺនមួយដែលរួមបញ្ចូលនូវការហ្វឹកហ្វែនជាច្រើននៅទូទាំងបរិស្ថានពហុដែន។ រចនាសម្ព័ន្ធនៃសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបន្ថែមទៀតនៅក្នុងសេណារីយ៉ូដ៏ស្មុគ្រស្មាញ។ សមយុទ្ធការពារដែនអាកាសកម្រិតខ្ពស់ ដោយមានការចូលរួមពី Rafale-M នៃកងទ័ពជើងទឹកបារាំង និង MIG-29K នៃកងទ័ពជើងទឹកឥណ្ឌា បានសម្តែងធ្វើសេណារីយ៉ូសមរភូមិជាក់ស្តែង ដោយបានលើកតម្កើងសមត្ថភាពរបស់អង្គភាពដែលចូលរួមក្នុងការទប់ទល់នឹងការគំរាមកំហែងពីលើអាកាសរួមគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ៕