រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិន និងជប៉ុនអាចតស៊ូមតិអំពីការឱ្យតម្លៃលើភាពសុខដុម និងការយល់ចិត្ត ព្រមទាំងលើកកម្ពស់ និងអនុវត្តន៍ពីតម្លៃនៅទ្វីបអាស៊ី។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងតូក្យូជាមួយ លោក យ៉ាស៊ូ ហ្វូគូដា (Yasuo Fukuda) អតីតនាយករដ្ឋមន្ត្រីជប៉ុន និងជាអតីតប្រធានវេទិកា Boao សម្រាប់ទ្វីបអាស៊ី។
លោក វ៉ាង បាននិយាយថា ប្រទេសចិន និងជប៉ុនមានភូមិសាស្ត្រជិតគ្នា ហើយបានចែករំលែកភាពស្រដៀងគ្នាខាងវប្បធម៌ និងផលប្រយោជន៍ដែលជាប់ទាក់ទងគ្នា។
លោក វ៉ាង បានបន្ថែមថា «យើងសង្ឃឹមថា ភាគីជប៉ុននឹងធ្វើការជាមួយប្រទេសចិនដើម្បីរក្សាការគាំទ្រផ្នែកនយោបាយ និងសាធារណៈសម្រាប់ទំនាក់ទំនងចិន-ជប៉ុន ជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី និងរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅអាស៊ី»។
លោក ហ្វូគូដា បាននិយាយថា នេះមានសារសំខាន់ណាស់ក្នុងការធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរក្នុងវិស័យផ្សេងៗ ដូចជាប្រជាជនទៅប្រជាជន អន្តរកម្មវប្បធម៌ និងការសិក្សារវាងប្រទេសជប៉ុន និងប្រទេសចិន។
លោកបានអះអាងពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរួមចំណែកដល់ការកែលម្អ និងអភិវឌ្ឍន៍ទំនាក់ទំនងជប៉ុន-ចិន៕