ពូទីន យល់ព្រមផ្អាកវាយប្រហារទៅលើរោងចក្រថាមពល ៣០ថ្ងៃ តែមិនទទួលយកបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែននោះទេ

0

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានយល់ព្រមបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាបណ្ដោះអាសន្ន តែមិនទទួលយកបទឈប់បាញ់ពេញ លេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។

តាមមន្ត្រីអ៊ុយក្រែនបាននិយាយថា ខ្លួននឹងគាំទ្រដល់បទឈប់បាញ់មិនពេញលេញខាងលើ ដែលតម្រូវឱ្យទាំងរុស្ស៉ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកក្នុងរយៈពេលមួយខែ។

ក្រុមអ្នកជំនាញយល់ថា លោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកនោះទេ ពោលគឺអាចជាចេតនាមួយក្នុងការកេងចំណេញពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។

តាមមន្ត្រីសេតវិមាន ក៏បានឱ្យដឹងដែរថា កិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។ តែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេ។

ចំណែក វិមានក្រឹមឡាំងវិញបាននិយាយថាលោក ពូទីន បានចេញបញ្ជាឱ្យយោធារុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្រោយឈានដល់ការឯកភាពគ្នាជាមួយលោក ត្រាំ៕