គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៥ នឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសបាន ៥០% នៅឆ្នាំ២០៣០

0

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ JICA និងក្រុមអ្នកជំនាញការជប៉ុន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតសម្រេចបាននូវលទ្ធផលនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៥នាពេលនេះ។

នៅក្នុងសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានកូសរំលេចថា សមិទ្ធផលនៃគម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករងរបួសឱ្យបាន ៥០% នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តផ្តោតលើការងារជួសជុលថែទាំផ្លូវ-ស្ពាន និង បំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ដូចជា ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់។ លើសពីនេះតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក៏បាន និងកំពុងសហការបន្តអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអ្នកដែលបានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។

លោក សានុយ កាហ៊ីរ៉ូមាសា (SANUI KAZUMASA) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានថ្លែងថា កាលពីខែមីនា ឆ្នាំ២០២១ JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ គម្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តការយល់ដឹងពីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលផ្តោតលើចំណុចសំខាន់ៗ ៣ គឺពង្រឹងច្បាប់ ការអប់រំ និង វិស្វកម្ម ។

លោកប្រធាន JICA បានបន្តដោយសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំ និង ៦ខែ ដែលបានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២១ ត្រូវបានចែកចេញជា ២ដំណាក់កាលគឺ៖ ដំណាក់កាលទី១ ចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ និង ដំណាក់កាលទី២ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥៕