មេដឹកនាំបារាំង អង់គ្លេស និងអ៊ុយក្រែន ពិចារណាលើដំណើរទស្សនកិច្ចរួមគ្នាទៅកាន់សហរដ្ឋអាមេរិក

0

រដ្ឋាភិបាលប្រទេសបារាំងបានឱ្យដឹងថា ឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងតែពិចារណាលើដំណើរទស្សនកិច្ចរួមគ្នា ទៅកាន់សហរដ្ឋអាមេរិក ជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងឯកឧត្តម កៀ ស្តាមឺរ នាយករដ្ឋមន្រ្តីអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំមួយនៃគណៈរដ្ឋមន្រ្តីបារាំងថា “ពេលនេះ កំពុងតែមានការពិចារណា អំពីលទ្ធភាពឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោនម្តងទៀត ជាមួយនិងលោកប្រធានាធិបតី ហ្សេលេនស្គី ព្រមទាំងសមភាគីអង់គ្លេស គឺឯកឧត្តមនាយករដ្ឋមន្រ្តី ស្តាមឺរ”។

បើតាមអ្នកនាំពាក្យ ដំណើរទស្សនកិច្ចរួមគ្នានេះ មានគោលដៅជាកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីជួយជំរុញដំណើរឆ្ពោះទៅបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ី-អ៊ុយក្រែន។

គួរបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះមេដឹកនាំនៃប្រទេសទាំង៣ ទើបតែបានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នាទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន៕