គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍភាព ៨៩,៧២%ហើយ គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

0

យោងតាមបណ្តេញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ (ចាប់ពីPK0+000-១៤៨+០៣៨ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) នៅសល់ផ្លូវដីមិនដល់២០គីឡូម៉ែត្រនោះទេ។ ផ្លូវដីដែលនៅសេសសល់ គឺចំណុចរក្សាទុកមានរយៈពេលតាមបច្ចេកទេស ជាកន្លែងដែលយើង កាត់ ពុះ ជ្រៀក ជម្រាលភ្នំ ធានាការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ពេលស្ថាបនារួចរាល់។

ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍភាព ៨៩,៧២%ហើយ។ នាពេលបច្ចុប្បន្ននេះ គ្រប់កំណាត់នៃការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមម្លប់ នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះ ជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕