រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានពិភាក្សាអំពីទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង ជាមួយសមភាគីអាហ្វ្រិកខាងត្បូង លោក រ៉ូណាល់ ឡាម៉ូឡា (Ronald Lamola) នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 នៅទីក្រុងចូហាន់ណេសប៊ឺហ្គ ប្រទេសអាហ្វ្រិកខាងត្បូង។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទរប្រទេសអាហ្វ្រិកខាងត្បូងដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
លោកបានកត់សម្គាល់ថា តាមរយៈការធ្វើជាប្រធានក្រុមប្រទេស G20 ប្រទេសអាហ្រ្វិកខាងត្បូងតំណាងឱ្យទ្វីបអាហ្រ្វិកក្នុងការធ្វើឱ្យមានភាពលេចធ្លោខ្លាំងនៅលើឆាកពិភពលោក ដែលបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ហើយមានសារៈសំខាន់យ៉ាងខ្លាំង។
ដោយកត់សម្គាល់ថា ប្រទេសអាហ្រ្វិកខាងត្បូង គឺជាប្រទេសអាហ្វ្រិកដ៏សំខាន់មួយដែលមានឥទិ្ធពលខ្លាំង និងសក្ដានុពលនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសអាហ្វ្រិកខាងត្បូង ពន្លឿនការអភិវឌ្ឍ និងការរស់ឡើងវិញ ហើយរួមគ្នាដើម្បីលើកភាពលេចធ្លោ ជាពិសេសបណ្តាប្រទេសអាហ្វ្រិកក្នុងរបៀបវារៈអន្តរជាតិ។ ចំណែកលោក ឡាម៉ូឡា បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រដល់ប្រធានក្រុមប្រទេស G20 របស់ប្រទេសអាហ្វ្រិកខាងត្បូង។
លោកបាននិយាយថា នៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលប្រែប្រួល ប្រទេសអាហ្រ្វិកខាងត្បូងនៅតែប្តេជ្ញាពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសនៅតំបន់សកលភាគខាងត្បូង។ លោក ឡាម៉ូឡា បានសម្តែងការរីករាយចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសចិន ដោយទន្ទឹងរង់ចាំការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងឧស្សាហកម្មដែលកំពុងរីកចម្រើន។
លោកបានស្វាគមន៍ប្រទេសចិនក្នុងការបង្កើនការវិនិយោគនៅប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពន្លឿនឧស្សាហូបនីយកម្ម និងសម្រេចបាននូវការអភិវឌ្ឍចម្រុះ៕