នាយករដ្ឋមន្ត្រីសិង្ហបុរីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន

0

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេន វង់ (Lawrence Wong) និងជាអគ្គលេខាធិការនៃគណបក្សសកម្មភាពប្រជាជន (PAP) បានជួបជាមួយលោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC)។

លោក យីន ជាលេខាគណៈកម្មាធិការក្រុងប៉េកាំងនៃបក្ស CPC បានកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសិង្ហបុរី។ លោកបាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរកម្រិតកំពូលជាមួយប្រទេសសិង្ហបុរី ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលគ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការផ្លាស់ប្តូរអន្តរភាគីតាមស្ថាប័ន ព្រមទាំងការរៀនសូត្រគ្នាទៅវិញទៅមកលើអភិបាលកិច្ច។

លោកបានបន្ថែមថា ទីក្រុងប៉េកាំងនឹងអនុវត្តន៍យ៉ាងសកម្មនូវការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន បន្តជំរុញវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសសិង្ហបុរី និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ លោក វង់ បាននិយាយថា ប្រទេសសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ហើយមានឆន្ទៈក្នុងការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងការទូត ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើគ្រប់វិស័យ ពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូររវាងបក្សកាន់អំណាចនៃប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងលើវិស័យដូចជា វប្បធម៌ អប់រំ ការថែទាំសុខភាព និងការច្នៃប្រឌិត ដើម្បីរួមគ្នាជំរុញទំនាក់ទំនងសិង្ហបុរី-ចិន ឱ្យឈានដល់កម្រិតថ្មីមួយ។ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសិង្ហបុរី លោក យីន បានដឹកនាំគណៈប្រតិភូបក្ស CPC ទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានជួបឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស PAP លោក ហេង ស្វីកៀត (Heng Swee Keat) ឧបនាយករដ្ឋមន្ត្រី លោក ហ្គាន់ គីមយ៉ុង (Gan Kim Yong) រដ្ឋមន្ត្រីក្រសួងការបរទេស លោក វីវ៉ាន់ បាឡាគ្រីសហ៍ណាន់ (Vivian Balakrishnan) និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អ៊ុង យេគុង (Ong Ye Kung) ៕