លីបង់ប្រកាសបង្កើតរដ្ឋាភិបាលថ្មី

0

បរទេស៖ ប្រធានាធិបតី​លីបង់​បាន​ប្រកាស​​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សមាជិក ​២៤​រូប​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក ​ណាវ៉ាហ្វ សាឡាម (Nawaf Salam) ។

យោងតាមទូរទស្សន៍ក្នុងស្រុក al-Jadeed បានឱ្យដឹងថា លោក សាឡាម បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានប្រធានាធិបតីថា រដ្ឋាភិបាលថ្មីនឹងត្រូវបានជំរុញឱ្យមានកំណែទម្រង់ដែលជាផ្លូវតែមួយគត់ដើម្បីជួយសង្គ្រោះប្រទេសលីបង់។

លោកបាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តន៍កិច្ចព្រមព្រៀង Taif ឆ្នាំ១៩៨៩ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសលីបង់ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងធានាឱ្យមានប្រព័ន្ធតុលាការឯករាជ្យមួយ។

លោក សាឡាម បាននិយាយថា «រដ្ឋាភិបាលត្រូវតែធានាសន្តិសុខ និងស្ថិរភាពដោយការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ និងត្រួតពិនិត្យការដកខ្លួនរបស់អ៊ីស្រាអែល ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ នេះមិនមែនគ្រាន់តែជាការសន្យាប៉ុណ្ណោះទេ វាគឺជាការប្តេជ្ញាចិត្ត»។

លោកបានបន្តថា រដ្ឋាភិបាលក៏នឹងធ្វើការដើម្បីស្តារទំនុកចិត្តរវាងប្រទេសលីបង់ និងសហគមន៍អន្តរជាតិ ហើយកសាងទំនុកចិត្តឡើងវិញរវាងរដ្ឋាភិបាល និងយុវជន ដោយលោកបានកត់សម្គាល់ថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតី លោក ចូសេព អាអូន (Joseph Aoun) ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមកសាងជាតិសម្រាប់ប្រទេសលីបង់។

នៅដើមខែមករា លោក អាអូន អតីតមេទ័ពរបស់ប្រទេសលីបង់ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទី១៤ នៃប្រទេសលីបង់ ដោយបញ្ចប់ភាពទំនេររបស់ប្រធានាធិបតីរយៈពេល ២ឆ្នាំដែលបានធ្វើឱ្យប្រព័ន្ធនយោបាយរបស់ប្រទេសនេះចុះខ្សោយ។

ប៉ុន្មានថ្ងៃក្រោយមក លោក សាឡាម ប្រធានតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសលីបង់ និងបានបំពេញភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី៕